ឃើញផ្អែមដូចទឹកឃ្មុំខែប្រាំង សុខៗ សាត រស្មី ប្រកាសរឿងមេម៉ាយកូន ១ យ៉ាងភ្ញាក់ផ្អើល
ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងរាងតូចច្រឡឹង សាត រស្មី ហាក់ឃ្លាតកាន់តែឆ្ងាយពីវិស័យសិល្បៈ ដោយច្រើនឆ្នាំមកនេះ គេមិនដែលឃើញនាងបង្ហាញមុខសម្ដែងលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាចូលរួមកម្មវិធីផ្សេងៗឡើយ។
ការបន្សាត់ខ្លួនពីវិស័យសិល្បៈរបស់ សាត រស្មី តាមពិត នាងទៅសំងំរស់នៅសាងគ្រួសារជាមួយគូស្នេហ៍រូបសង្ហាឈ្មោះ ឆៃដា ពិសិដ្ឋ យ៉ាងមានសុភមង្គល ហើយចំណងស្នេហ៍របស់អ្នកទាំងពីរថែមទាំងទទួលបានកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ ដែលមានទម្រង់មុខមាត់កាត់ទៅរកលោកប៉ាបន្តិចអ្នកម៉ាក់បន្តិច។
ដ្បិតថា សាត រស្មី និង គូស្នេហ៍បណ្ដូលចិត្ត យូរៗម្ដងទើបបង្ហាញរូបថតលក្ខណៈគ្រួសារ មានលោកប៉ា អ្នកម៉ាក់ និង កូនស្រី បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមហាជនបានឃើញ ប៉ុន្ដែក្ដីស្នេហ៍របស់អ្នកទាំងពីរ ល្អូកល្អិនផ្អែមស្អិតល្មួតមិនចាញ់ទឹកឃ្មុំខែប្រាំងនោះទេ។
ដោយឡែកថ្មីៗនេះ អ្នកម៉ាក់សាច់សខ្ចី សាត រស្មី បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ខណៈនៅសុខៗ នាងស្រាប់តែបង្ហោះសារថា ៖ «បើខ្ញុំមេម៉ាយកូន ១ ស្រឡាញ់អត់?»។ ងាកទៅគូស្នេហ៍នាងវិញ គឺលោក ឆៃដា ពិសិដ្ឋ ក៏បានប្ដូររូបថត Profile និង Cover ទៅជាពណ៌ខ្មៅ បង្កឱ្យមានការព្រួយបារម្ភ និង សួរនាំព្រោងព្រាតពីបណ្ដាមិត្តភក្ដិ៕