ជំទាវ ចន ច័ន្ទលក្ខិណា ថា ស៊ីន យូប៊ីន ជាមោទកភាពជាតិ ក្រោយនាងបង្ហាញខ្លួនដើរលើកម្រាលព្រំក្រហម
តារាសម្ដែងស្រីដ៏ឆ្នើម ស៊ីន យូប៊ីន បានធ្វើឱ្យមហាជនអ្នកគាំទ្រមានមោទកភាពចំពោះនាងជាខ្លាំង ខណៈតារាស្រីរូបនេះ ត្រូវបានអញ្ជើញឱ្យចូលរួមដើរលើកម្រាលព្រំក្រហមតំណាងឱ្យប្រទេសកម្ពុជា នៅទីក្រុងកាន ប្រទេសបារាំង ដែលកម្មវិធីនេះ មានកំពូលតារាល្បីៗមកពីជុំវិញពិភពលោក។
ការបង្ហាញវត្តមានដ៏កម្ររបស់តារាស្រីដ៏ឆ្នើមរបស់កម្ពុជា ស៊ីន យូប៊ីន មិនត្រឹមតែធ្វើឱ្យមហាជនអ្នកគាំទ្រមានមោទកភាពចំពោះនាង ដែលជាតារាខ្មែរ មានកិត្តិយសចូលរួមនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេសូម្បីតែលោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បករកម្ពុជា ក៏បង្ហោះសារលើកសរសើរពីតារាស្រីរូបនេះពេញៗមាត់ផងដែរ។
លោកជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពដ៏ស្រស់ស្អាតរបស់ ស៊ីន យូប៊ីន ដើរលើកម្រាលព្រំក្រហម ស្លៀករ៉ូបយ៉ាងលេចធ្លោលើហ្វេសប៊ុក ហើយរៀបរាប់យ៉ាងកក់ក្ដៅថា ៖ «ប្អូនស្រីគឺជាមគ្គុទ្ទេសក៍ដ៏គួរឱ្យមោទករបស់ជនជាតិខ្មែរ ដែលធ្វើឱ្យពិភពលោកកាន់តែស្គាល់ Cambodia អរគុណចំពោះការលះបង់ដើម្បីមុខមាត់ជនជាតិយើង និង ដើម្បីប្រទេសយើង»៕