សឹងតែមិនជឿថា មានដើមឈើមួយប្រភេទ ចេះដើរ និងអាចផ្លាស់ទីបាន ២០ ម៉ែត្រក្នុង ១ ឆ្នាំ
ដើមឈើមួយប្រភេទ ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា វាអាចធ្វើដំណើរផ្លាស់ទីបានដល់ទៅប្រមាណ ២០ ម៉ែត្រឯណោះក្នុងរយៈពេលមួយឆ្នាំ ដែលដើមឈើប្រភេទនេះ ស្ថិតនៅតំបន់បម្រុងជីវមណ្ឌល Sumaco នៃប្រទេសអេក្វាឌ័រ។
ទាក់ទិនទៅនឹងដើមឈើចម្លែក ដែលគេហៅ «Walking palm trees» នេះ លោក Peter Vrsansky អ្នកជំនាញមកពីវិទ្យាស្ថានវិទ្យាសាស្ត្រផែនដីនៃបណ្ឌិតសភាវិទ្យាសាស្ត្រស្លូវ៉ាគី Bratila បានអះអាងថា រូបលោកបានឃើញបាតុភូតនេះ ដោយផ្ទាល់ភ្នែក ដែលដើមឈើទាំងនេះ ពិតជាផ្លាស់ទីឆ្លងកាត់ព្រៃពិតមែន នៅពេលដែលការលូតលាស់នៃឫសថ្មីរបស់វាចាប់ផ្ដើមផ្លាស់ប្តូរពួកវាបន្តិចម្តងៗ ជួនកាលពីរ ឬ បីសង់ទីម៉ែត្រក្នុងមួយថ្ងៃ។
លោក Vrsansky បាននិយាយថា នៅពេលដែលដីរលួយ ដើមឈើប្រភេទនេះ ចាប់ផ្ដើមដុះថ្មី មានឫសវែង ដែលឫសនេះ សណ្ដូកលូតទៅរកដីដែលថ្មី និងរឹងជាង ដែលជួនកាលលូតរហូតដល់ទៅ ២០ ម៉ែត្រឯណោះ។ អ្នកជំនាញខាងលើបានបន្តទៀតថា បន្ទាប់មកបន្តិចម្តងៗ នៅពេលដែលឫសតាំងទីលំនៅក្នុងដីថ្មីហើយ ដើមឈើក៏ចាប់ផ្ដើមពត់ខ្លួនឆ្ពោះទៅរកឫសថ្មីម្ដងបន្តិចៗ។ ដំណើរការបែបនេះ ក៏ចេះតែកើតឡើង ដើមឈើក៏ផ្លាស់ប្តូរទៅកន្លែងថ្មី ដែលមានពន្លឺថ្ងៃល្អជាង និងមានសណ្ឋានដីរឹងជាងនេះ ដែលអាចចំណាយពេលពីរទៅបីឆ្នាំ៕
ប្រភព ៖ BBC