Caño Cristales ទន្លេដែលមានផ្ទៃទឹក ៥ ពណ៌ ស្អាតខ្លាំងដូចរូបគំនូរ
Caño Cristales ជាទន្លេមួយនៅក្នុងប្រទេសកូឡុំប៊ី ដែលល្បីល្បាញខ្លាំងទៅលើពណ៌ដ៏ប្លែកទាក់ភ្នែករបស់វា រហូតជាប់ឈ្មោះហៅក្រៅថា «ទន្លេ ៥ ពណ៌»។
មានទីតាំងស្ថិតនៅឧទ្យានជាតិ Serrania de la Macarena ទន្លេ Caño Cristales នេះ គឺមានភាពចម្លែកខុសពីទន្លេទូទៅដទៃ ដោយវាមានសភាពពណ៌ទឹករហូតដល់ ៥ ពណ៌ រួមមាន ពណ៌ខ្មៅ ពណ៌ខៀវ ពណ៌ក្រហម ពណ៌បៃតង និង ពណ៌លឿង។ ទោះជាយ៉ាងណា បាតុភូត ៥ ពណ៌នេះ អ្នកទេសចរអាចប្រទះឃើញបាន ក្នុងរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះ ពោលគឺចាប់ពីខែឧសភា ដល់ខែវិច្ឆិកា។
ជារៀងរាល់ឆ្នាំ អំឡុងពេលការផ្លាស់ប្ដូរចន្លោះរដូវភ្លៀង និង រដូវក្ដៅ ទន្លេ Caño Cristales គឺបញ្ចេញវេទមន្តដ៏អស្ចារ្យ ដែលធ្វើឱ្យផ្ទៃទឹកនៃទន្លេប្រែពណ៌ទាក់ទាញប្លែកប្រៀបបីដូចឋានវេទមន្ត។
តាមការស្រាវជ្រាវបានឱ្យដឹងថា ពណ៌ចម្រុះនៃផ្ទៃទឹកទន្លេមួយនេះ គឺបណ្ដាលមកពីពពួករុក្ខជាតិស្លែដែលគេហៅថា Macarenia clavigera។ រុក្ខជាតិស្លែប្រភេទនេះ បានប្រែសម្រស់ទៅជាពណ៌ក្រហម នៅពេលដែលវារីក។ អំឡុងពេលចូលរដូវដែលវារីក ពណ៌ក្រហមនេះនឹងលាយជាមួយពណ៌លឿងនៃខ្សាច់ទន្លេ។ ចំពោះពណ៌ខៀវ គឺបានមកពណ៌ផ្ទៃទឹកចាំងឆ្លុះជាមួយផ្ទៃមេឃ ហើយពណ៌ខ្មៅ និង បៃតង គឺបានមកពីរុក្ខជាតិស្មៅ និង ស្លែប្រភេទផ្សេងទៀត ដែលបង្កើតឱ្យផ្ទៃទន្លេទាំងមូល មានពណ៌ចម្រុះទាក់ទាញបំផុត៕