លាក់ជាង ៣០ ឆ្នាំ Chef Pom គណៈកម្មការ Master Chef Thailand ទើបដាច់ចិត្តប្រាប់រឿងឈឺចាប់មួយពីអតីតប្តី
ជឿជាក់ថាអ្នកដែលនិយមតាមដានកម្មវិធីប្រកួតធ្វើម្ហូប Master Chef Thailand មុខជាបានស្គាល់ច្បាស់ Chef Pom គណៈកម្មការស្រីជើងចាស់ដែលមានបទពិសោធយូរឆ្នាំក្នុងវិស័យធ្វើម្ហូប ហើយមានជំនាញខ្លាំងផ្នែកគ្រឿងទេស និង ម្ហូបថៃ។
ថ្មីៗនេះ Chef Pom បានចូលចែករំលែកបទពិសោធជីវិតក្នុងកម្មវិធី Club Friday ដោយបានរៀបរាប់ថា ៖ «ខ្ញុំធ្លាប់រៀបការម្ដង តែខ្ញុំមិនដែលគិតចង់រៀបការម្ដងទៀតនោះឡើយ ព្រោះបទពិសោធមួយនោះបានធ្វើឱ្យខ្ញុំចាំមួយជីវិត។ ខ្ញុំជាចុងភៅដែលមានជំនាញធ្វើម្ហូប ហើយគ្រប់គ្នាញ៉ាំហើយនិយាយថាឆ្ងាញ់ តែក្នុងក្រសែភ្នែកអតីតស្វាមីខ្ញុំ គឺខ្ញុំធ្វើម្ហូបមិនដែលឆ្ងាញ់សោះឡើយ។ វាជារឿងដែលឈឺចាប់បំផុតសម្រាប់មនុស្សចូលចិត្តធ្វើម្ហូបដូចខ្ញុំ»។
«ខ្ញុំបានរៀនធ្វើម្ហូបពីម្ដាយខ្ញុំ ហើយអំឡុងពេលរៀនសាកលវិទ្យាល័យឆ្នាំទី ២ ខ្ញុំបានសាកល្បងធ្វើម្ហូបឱ្យមិត្តខ្ញុំញ៉ាំ ហើយពួកគេប្រាប់ថាឆ្ងាញ់ ខ្ញុំក៏បន្ដអភិវឌ្ឍស្នាដៃរហូត។ ក្រោយសម្រេចចិត្តរៀបការ ខ្ញុំត្រលប់មកធ្វើជាស្ត្រីមេផ្ទះ ដែលធ្វើរឿងគ្រប់យ៉ាងក្នុងផ្ទះ ជាពិសេសរឿងម្ហូបអាហារ តែមិនដែលមានពេលណាដែលខ្ញុំទទួលបានការសរសើរលើកទឹកចិត្តពីស្វាមីនោះឡើយ ហើយមានទាំងនៅសល់ត្រូវចោលទៀត។
ក្រោយមកខ្ញុំរកឃើញថា ហេតុផលពិតគឺមិនថាខ្ញុំធ្វើអ្វីវាមិនត្រូវចិត្តគាត់ឡើយ ព្រោះគាត់ជាមនុស្សចែកចាយស្នេហ៍ ធ្លាប់នាំស្រីចូលផ្ទះ ហើយថែមទាំងទុកបំណែកខោអាវឱ្យខ្ញុំឃើញយ៉ាងឈឺចិត្តថែមទៀត។ នេះហើយជាហេតុខ្ញុំសម្រេចចិត្តថា ពីពេលនេះទៀតទៅខ្ញុំមិនយកអ្នកណាទៀតទេ ខ្ញុំឈឺគ្រប់គ្រាន់ហើយ ខ្ញុំឈប់លះបង់ដើម្បីអ្នកណាហើយ ខ្ញុំគួរតែបន្ដក្តីស្រមៃ ហើយទៅសិក្សាបន្ថែមពីផ្នែកម្ហូបអាហារវិញ។ រឿងនេះខ្ញុំលាក់ទុកមកជាង ៣០ ឆ្នាំហើយ ហើយខ្ញុំមិនដែលនិយាយនៅក្នុងកម្មវិធីណានោះឡើយ លើកលែងទីនេះ»៕