មកដឹងពីរោគសញ្ញានៃវីរុសកូវីដបំប្លែងខ្លួនថ្មី «XE» ដែលកំពុងផ្ទុះឆ្លងខ្លាំងនៅអង់គ្លេស
កាលពីពេលថ្មីៗកន្លងទៅ ប្រទេសអង់គ្លេសបានរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀតហៅថា «XE» ដែលអាចមានលទ្ធភាពឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួនដទៃទៀត។
កូវីដបំប្លែងខ្លួនថ្មី «XE» គឺជារួមបញ្ចូលគ្នានៃអម្បូរពូជអូមីក្រុង BA’1 និង BA.2 ហើយការកកើតឡើងនៃវីរុសថ្មីនេះដែរ គឺកើតនៅពេលអ្នកជំងឺ ឆ្លងកូវីដច្រើនប្រភេទ។ បើតាមខាងអង្គការសុខភាពពិភពលោកបានឱ្យដឹងថា វីរុសកូវីដបំប្លែងខ្លួនថ្មី «XE» រកឃើញថា មានលទ្ធភាពចម្លងលើសវីរុសអូមីក្រុងរង BA.2 ចំនួន ១០ ភាគរយ។ ក្នុងរបាយការណ៍ពីអង្គការ បានឱ្យដឹងដែរថា វីរុសបំប្លែងខ្លួនថ្មី XE នេះ រកឃើញដំបូងក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ហើយគិតមកទល់ពេលនេះ ច្រើនជាង ៦០០ ករណីហើយត្រូវបានរកឃើញ។
ដោយឡែក បើងាកមកអាការនៃវីរុសបំប្លែងខ្លួនថ្មីដែលទើបតែរកឃើញនេះដែរ គឺត្រូវបានឱ្យដឹងថា មិនបង្កទៅជាអាការធ្ងន់ធ្ងរនោះឡើយ គ្រាន់តែវាមានលទ្ធភាពចម្លងលឿនជាងវីរុសបំប្លែងខ្លួនដទៃ។ រោគសញ្ញាដំបូងនៃវីរុស «XE» នេះគឺ អស់កម្លាំង វិលមុខ ដោយក្រោយមក វិវដ្តទៅជាឈឺក្បាល ឈឺបំពង់ក ចុកចាប់សាច់ដុំ និង ក្ដៅខ្លួន។ សម្រាប់អាការដែលអាចកើតមានឡើងផ្សេងទៀតមានដូចជា រាគរូស ក្អួតចង្អោរ ឈឺពោះជាដើម។
គួរបញ្ជាក់ផងដែរថា វីរុសបំប្លែងខ្លួនថ្មីនៃអូមីក្រុងនេះ គឺមិនបណ្ដាលឱ្យបាត់បង់ក្លិន និង រសជាតិ ដូចនឹងវីរុសបំប្លែងខ្លួនដទៃនោះឡើយ៕
ប្រភព៖ The Economic Times