សោកសង្រេងណាស់! កូវីដ-១៩ បានឆក់យកជីវិតលោកយាយទៅបាត់ហើយ ទុកឱ្យលោកតានៅម្នាក់ឯងយ៉ាងកម្សត់
ជារឿងដ៏គួរឱ្យក្រៀមក្រំ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នេះ មន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានផ្ដល់ដំណឹងឱ្យបានដឹងថា លោកយាយ ជឹម ជន អាយុ ៨២ ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ ឆ្នាំ បានទទួលអនិច្ចកម្មហើយ នៅវេលាម៉ោង ៤ និង ១៥ នាទីទៀបភ្លឺ។
ថ្មីៗនេះ គូស្នេហ៍វ័យជរាមួយគូនេះ បានធ្វើឱ្យមហាជនទប់ទឺកភ្នែកមិនជាប់ ក្រោយពីបានឃើញសកម្មភាព លោកតាមើលថែលោកយាយ ដោយមិនឃ្លាតទៅណាសូម្បីមួយជំហានឡើយ។ ទិដ្ឋភាពនៅកន្លែងសម្រាកព្យាបាលបានបង្ហាញឱ្យឃើញថា លោកតា មានកម្លាំងមាំមួនជាងលោកយាយ ហើយនៅបម្រើបាយទឹក មើលថែ តស៊ូប្រយុទ្ធជាមួយកូវីដ-១៩ រួមគ្នា គួរឱ្យអាសូរ។ តែអ្វីដែលគួរឱ្យស្ដាយ លោកទាំងពីរមិនអាចបន្ដកាន់ដៃតស៊ូ រួមដំណើរជាមួយគ្នាបាន ដោយលោកយាយ បានទទួលមរណភាព នៅវេលាម៉ោងទៀបភ្លឺ ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នេះទៅហើយ។
ក្រោយឃើញបែបនេះ មហាជនបាន ចូលរួមរំលែកទុក្ខ នឹងបង្ហាញពីក្ដីអាណិតអាសូរចំពោះលោកតាជាពន់ពេក ដែលបានបាត់បង់ភរិយាជាទីស្រឡាញ់ ត្រឹមមួយប៉ព្រិចភ្នែក ខណៈកំពុងព្យាបាលជំងឺកូវីដ-១៩ នៅឯវិទ្យាល័យ សម្តេចឪ ខេត្តបាត់ដំបង ៕