លើកដំបូង! ឥណ្ឌូនេស៊ីរកឃើញករណីឆ្លងកូវីដជាង ២ ម៉ឺននាក់ក្នុង ១ ថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន
តាមការរាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីបានបំបែកកំណត់ត្រាថ្មី ដោយបានរកឃើញករណីឆ្លងកូវីដជាមធ្យមប្រចាំថ្ងៃជាង ២០ ៥៧៤ ករណី ខ្ពស់បំផុតមិនធ្លាប់មាន កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ។
ចំនួនករណីមិនធ្លាប់មាននេះ បានបំបុកឱ្យករណីឆ្លងសរុបហក់ឡើងដល់ជាង ២ ០៥៣ ៩៩៥ ករណី ហើយគេក៏បានរកឃើញករណីស្លាប់ប្រចាំថ្ងៃ ៣៥៥ ករណីទៀត ដែលធ្វើឱ្យករណីស្លាប់សរុបកើនដល់ ៥៥ ៩៤៩ ករណី ។
ម៉្យាងវិញទៀត ប្រទេសដីកោះមួយនេះ បានក្លាយជាប្រទេសដែលមានករណីឆ្លងខ្ពស់ជាងគេក្នុងអាស៊ីអាគ្នេយ៍ ក៏ដូចជាកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបែបនេះ ក៏ដោយសារតែជាលទ្ធផលនៃថ្ងៃឈប់សម្រាក Idul fitri ដែលជាថ្ងៃដែលមនុស្សម្នាសម្រុកទៅលេងស្រុកកំណើត ហើយថែមទាំងនាំគ្នាកុះករនៅកន្លែងទេសចរណ៍ថែមទៀតផង កាលពីខែមុននេះ ។
យ៉ាងណាមិញ គេក៏បានរាយការណ៍មកថា នៅថ្ងៃដដែលនោះ មានករណីជាសះស្បើយចំនួន ៩ ២០១ ករណី ដែលធ្វើឱ្យករណីជាសរុបមាន ១ ៨២៦ ៥០៤ ករណីផងដែរ ៕
ប្រភព៖ CNA