ថ្មីទៀតហើយ! គ្រូពេទ្យម៉ាឡេស៊ីម្នាក់អះអាងថា កូវីដ-១៩ អាចឆ្លងតាមរយៈផោមអ្នកជំងឺ
ខណៈចំនួនករណីឆ្លង និង ស្លាប់ដោយសារវីរុសកូវីដ-១៩ នៅតែបន្តកើនឡើងក្នុងប្រទេសម៉ាឡេស៊ី ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ពលរដ្ឋរបស់ពួកគេទាំងអស់ ឱ្យចាប់ផ្ដើមបង្កើនការការពារខ្លួនទ្វេដង ដោយក្នុងនោះរួមមានទាំងការការពារពីការផោមផងដែរ ដើម្បីជៀសផុតពីការឆ្លងវីរុសកាចសាហាវមួយនេះ ។
បើតាមការចេញផ្សាយពីសារព័ត៌មាន Free Malaysia Today ស្រង់សម្ដីអ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់ និង របួសនៅមន្ទីរពេទ្យកូឡាឡាំពួ វេជ្ជបណ្ឌិត Alsamani Mohammad Idrose បានបញ្ជាក់ឱ្យដឹងថា វីរុសកូវីដ-១៩ គឺអាចនឹងឆ្លងតាមរយៈផោមរបស់អ្នកជំងឺ ។
ការសន្និដ្ឋានរបស់វេជ្ជបណ្ឌិតរូបនេះ គឺដោយសារតែឧស្ម័នដែលបញ្ចេញពីទ្វារធំ គឺមានហានិភ័យនៃការផ្ទុកវីរុសនេះ ។ លើសពីនេះទៅទៀត គ្រប់គ្នាបានដឹងហើយថា វីរុសនេះក៏អាចរកឃើញមានក្នុងលាមករបស់អ្នកជំងឺកូវីដ-១៩ ផងដែរ ។ វេជ្ជបណ្ឌិតដដែលបានបន្ថែមទៀតថា ឧស្ម័នដដែលនេះ ក៏រាលដាលចូលក្នុងសួតរបស់អ្នកជំងឺកូវីដ-១៩ ដែរ ។
ថ្លែងបញ្ជាក់បន្ថែមទៀត លោកវេជ្ជបណ្ឌិត Alzamani បាននិយាយថា «ទោះជាយ៉ាងណា ហានិភ័យឆ្លងតាមរយៈផោម គឺទាបណាស់ ដោយគិតទៅលើស្រទាប់ការពារពីក្រៅរួមមានខោក្នុង និង ខោខាងក្រៅមួយជាន់ថែមទៀតនោះ ។ បើនិយាយទៅ វាដូចជារឿងអស់សំណើចអ៊ីចឹង ប៉ុន្តែតាមពិតវាគឺជារឿងមួយគួរឱ្យព្រួយបារម្ភបំផុត» ។
ព្រមជាមួយគ្នានេះ វេជ្ជបណ្ឌិតមួយចំនួនផ្សេងទៀត ក៏បានព្រមានថា ផោមគឺមានភាគល្អិតៗដែលផ្ទុកបាក់តេរី ឬវីរុសដែលអាចបង្កជារោគឆ្លង ឬជំងឺផ្សេងទៀត ។ ទោះជាយ៉ាងណា ហានិភ័យគឺនៅទាបដដែល លុះត្រាណាដែលអ្នកដែលតេស្តវិជ្ជមានកូវីដ-១៩ មិនស្លៀកខោសោះ ហើយផោមដាក់ចំមុខ ឬជិតអ្នកបំផុត ។
ដូច្នេះ អ្វីដែលល្អបំផុតដែលគ្រប់គ្នាអាចធ្វើបាននោះគឺ កុំធ្វើការទាក់ទងជិតជាមួយអ្នកដែលមានរោគសញ្ញា ស្ថិតក្រោមការធ្វើចត្តាឡីស័ក ឬអ្នកដែលរកឃើញឆ្លងវីរុសនេះ ។ ត្រូវប្រាកដថា តែងតែពាក់ម៉ាស់រាល់ពេល អនុវត្តការរក្សាគម្លាត នៅតែក្នុងផ្ទះតាមដែលអាចធ្វើទៅបាន ៕
ប្រភព៖ Rojakdaily