ទិដ្ឋភាព បុណ្យស.ព ទេវនាដនិម្មិត ឯម ធាយ ព្រឹកមិញនេះ បន្សល់នូវក្តីអាលោះអាល័យ និងក្រៀមក្រំបំផុត
ព្រឹទ្ធាចារ្យទេវនាដនិម្មិតដ៏ឆ្នើម ឯម ធាយ ត្រូវបានមហាជនខ្មែរស្គាល់យ៉ាងច្បាស់ថា ជានាដការីពីសង្គម ដែលមានវ័យចំណាស់ មានទេពកោសល្យខ្ពស់ និង កេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ។ ដោយសារតែធ្លាប់សាងស្នាដៃជាច្រើននាពេលកន្លងមក ព្រឹទ្ធាចារ្យរូបនេះ ត្រូវបានផ្ដល់គោរមងារកិត្តិយសជា ទេវនាដនិម្មិត ឯម ធាយ មរតកមនុស្សរស់ ថ្នាក់ជាតិ ឯកទេសរបាំក្បាច់បុរាណខ្មែរ ក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ជាពិសេសរបាំបុរាណខ្មែរផងដែរ។ អ្វីដែលធ្វើឱ្យមហាជនមានក្ដីរន្ធត់ចិត្តជាពន់ពេកនោះ កាលពីថ្ងៃអង្គារ ទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញនេះ ព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ ឆ្នាំ នាវេលាម៉ោង ០០៖២០ នាទីរំលងអធ្រាត។
ជុំវិញការបាត់បង់ជីវិតរបស់នាដការីដ៏ឆ្នើមរូបនេះ បើយោងតាមទំព័រហ្វេសប៊ុកផេក សាលាសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលបង្ហោះនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ បានឱ្យដឹងថា សពលោកយាយទេវនាដនិម្មិត ឯម ធាយ ដែលបានតម្កល់នៅស្ថិតនៅផ្ទះលេខ ៤៦ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានតេស្តឃើញមានវិជ្ជមានកូវីដ-១៩ ដែលធ្វើឱ្យមហាជនមានក្ដីអាលោះអាល័យ សោកស្ដាយជាពន់ពេក។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ពិធីបុណ្យសពជូនឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិតរូបនេះ ត្រូវបានរៀបចំនៅក្នុងទីតាំង នាយកដ្ឋានទស្សនីយភាព ដែលមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាដើម៕
សូមទស្សនាទិដ្ឋភាពពិធីបុណ្យសពខាងក្រោមនេះ ៖
រូបភាពដោយ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ