ឥណ្ឌាធ្វើបានហើយ! ករណីឆ្លងប្រចាំថ្ងៃ ធ្លាក់ក្រោម ១ សែននាក់លើកដំបូង ក្រោយផុងក្នុងសោដនាកម្មជាង ២ ខែ
ថ្មីៗនេះ ប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងជាមធ្យមប្រចាំថ្ងៃរបស់ខ្លួន មានការធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់ នៅត្រឹមប្រមាណក្រោម ១ សែននាក់ ក្រោយពីមានការផ្ទុះរីករាយដាលយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យម្នាក់ៗមិននឹកគិតសោះឡើយថា ឥណ្ឌាអាចនឹងស្រោចស្រង់ឡើងមកសភាពដើមវិញបាន ។
បើតាមការរាយការណ៍ជាចំនួនជាក់លាក់ ក្នុងពេលត្រឹម ២៤ ម៉ោងនេះ គេរកឃើញត្រឹម ៨៦ ៤៩៨ ករណីប៉ុណ្ណោះ ដែលបានបូកឱ្យករណីសរុបកើនដល់ ២៩ លានករណី គិតត្រឹមថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ នេះ ។ ដោយឡែកបើតាមទិន្នន័យរបស់ក្រសួងសុខភិបាលឯណោះវិញ បានបង្ហាញឱ្យឃើញថា មាន ២១២៣ ករណីស្លាប់ ក្នុងរយៈ ២៤ ម៉ោង និង ករណីស្លាប់សរុបមាន ៣៥១ ៣០៩ ករណី ។
ការធ្លាក់ចុះមួយនេះ បានជំរុញឱ្យអាជ្ញាធរសម្រេចចិត្តបើកតំបន់ ក៏ដូចជាទីក្រុងមមួយចំនួនឡើងវិញ ក្នុងបំណងឱ្យប្រជាពលរដ្ឋអាចប្រកបជីវិតរកស៊ីលក់ដូរម្តងទៀត ព្រមទាំងជាកត្តាមួយដែលអាចស្រោចស្រង់សេដ្ឋកិច្ចជាតិត្រលប់មកវិញផងដែរ ក្រោយបានលិចលង់ដាំក្បាលចុះអស់ជាច្រើនខែ ។
យ៉ាងណាមិញ មិនភ្លេចខ្លួនឡើយ រដ្ឋាភិបាលប្រទេសនេះ កំពុងតែខ្វែងដៃខ្វែងជើងពន្លឿនវិធានការណ៍ផ្តល់វ៉ាក់សាំងដល់ប្រជាជនគ្រប់អាយុសព្វទីតំបន់ ហើយជាលទ្ធផល ទើបតែមានប្រជាជនសរុប ៥ ភាគរយប៉ុណ្ណោះ ដែលបានចាក់រួចរាល់គ្រប់ដូស នេះដោយសារតែការខ្វះខាត និង ការរាំងស្ទះនៃការផលិតវ៉ាក់សាំង ៕
ប្រភព៖ CNA