សូមជ្រាប! អ្នកជំងឺ និង មិត្តភក្ដិមួយក្រុម បានទៅស្នាក់នៅ Ramo Resort មិនមែន Bambo Resort ទេ
តាមរយៈអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ជូនចំពោះអ្នកខេត្តកំពត និង អ្នកទៅលេងខេត្តកំពត ដោយបញ្ជាក់ថា អ្នកជំងឺ និង មិត្តភក្ដិរបស់គាត់មួយក្រុម បានទៅស្នាក់នៅ Ramo Resort ដែលមានទីតាំងស្ថិតនៅផ្លូវទឹកឈូ ក្រុងកំពត មិនមែន Bambo Resort នោះទេ។ យ៉ាងណាមិញ ក្រោយពីបានសាកសួរអ្នកជំងឺ និង អ្នកដែលបានទៅជាមួយអ្នកជំងឺទាំងអស់កាលពីល្ងាចថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ រកឃើញថាអ្នកជំងឺបានទៅស្នាក់នៅទីនោះ កាលពីថ្ងៃទី ០១ ខែមិថុនា (Check-In ប្រហែលជាម៉ោងជាង 7pm) ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានអំពាវនាវទៅកាន់ អ្នកខេត្តកំពត និង អ្នកទៅលេងខេត្តកំពត ដែលបានទៅកាន់ទីតាំងខាងលើ សូមធ្វើការតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅមុនថ្ងៃ ឬ ក្រោយថ្ងៃអ្នកជំងឺបានទៅ បើមានការសង្ស័យត្រូវប្រញាប់ទៅធ្វើតេស្តយកសំណាករកមេរោគកូវីដ-១៩ ជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ។
ដោយឡែកប្រសិនបើមានករណីសង្ស័យអាចទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕
ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩