អុញនុះ! ព្រឹកនេះ កម្មករដែលរត់ជែកជើងព្រាតម្សិលមិញ បកទៅធ្វើការវិញ តែក្រុមហ៊ុនមិនឱ្យចូល
កាលពីល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ កម្មករប្រមាណជិត ១ ពាន់នាក់ នៅក្នុងរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាសម្រុករត់ចេញផង ជិះចេញផងយ៉ាងប្រសេចប្រសាចតែម្ដង ធ្វើឱ្យមហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើលខ្លាំង និង មានការព្រួយបារម្ភ ខ្លាចផ្ទុះការរាលដាលបន្ថែមទៀតនៅក្នុងតំបន់មួយនេះ ។
ជុំវិញរឿងនេះ នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១ នេះ ស្រាប់តែគេឃើញ កម្មកររោងចក្រតាយសេងខាងលើ បាននាំគ្នាសម្រុកទៅចូលធ្វើការវិញជាធម្មតា តែត្រូវបានក្រុមហ៊ុនមិនឱ្យចូល ទើបនាំគ្នាឈរផង អង្គុយផង ត្រៀបត្រាពេញមុខរោងចក្រ ជាមួយផ្ទៃមុខយ៉ាងស្រងូតស្រងាត់ ។
គួរឱ្យដឹងផងដែរ ជុំវិញរឿងរ៉ាវកាលពីល្ងាចម្សិលមិញនេះ តាមរយៈលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបកស្រាយឱ្យបានដឹងថា តាមពិតទៅកម្មករដែលបានរត់ចេញនោះ មិនមែនជាអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកកើតកូវីដទេ ពួកគាត់ពុំមែនជាអ្នកដែលត្រូវយកសំណាក ឬ ធ្វើតេស្តនោះឡើយ ដោយក្រុមការងារធ្វើតេស្តតែកម្មករប្រមាណជា ១០៨ នាក់ ក្នុងអគារមួយ នៅក្នុងរោងចក្រមួយនេះ ប៉ុន្តែ ជារឿងដែលចៃដន្យ កំឡុងពេលធ្វើតេស្តនោះ ស្របពេលកម្មករចេញទៅផ្ទះ ក៏ដើរចេញមកឃើញគេកំពុងតេស្តកូវីដ-១៩ នៅអគារតម្លើងកង់ ក៏នាំគ្នាស្រែកតគ្នាពីមាត់មួយទៅមាត់មួយ ទើបនាំឱ្យមានការជ្រួលច្របល់នាំគ្នាសម្រុករត់ចេញផង ជិះចេញផងតែម្ដង ៕