ច្បាស់ហើយឈប់បារម្ភទៀត! ក្រុមកម្មកររត់ជែកជើងនៅបាវិតនោះ មិនមែនជាអ្នកត្រូវធ្វើតេស្តកូវីដទេ
កាលពីល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ មហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើលខ្លាំង ជុំវិញរឿងរ៉ាវកម្មករប្រមាណជិត ១ ពាន់នាក់ នៅក្នុងរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង នាំគ្នាសម្រុករត់ចេញផង ជិះចេញផងយ៉ាងប្រសេចប្រសាចតែម្ដង ធ្វើឱ្យមហាជនមានការព្រួយបារម្ភជាខ្លាំង ខ្លាចផ្ទុះការរាលដាលបន្ថែមទៀតនៅក្នុងតំបន់មួយនេះ ។
ជុំវិញរឿងនេះ តាមរយៈលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបកស្រាយឱ្យបានដឹងថា តាមពិតទៅកម្មករដែលបានរត់ចេញនោះ មិនមែនជាអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកកើតកូវីដទេ ពួកគាត់ពុំមែនជាអ្នកដែលត្រូវយកសំណាក ឬ ធ្វើតេស្តនោះឡើយ ដោយក្រុមការងារធ្វើតេស្តតែកម្មករប្រមាណជា ១០៨ នាក់ ក្នុងអគារមួយ នៅក្នុងរោងចក្រមួយនេះ ។
អភិបាលខេត្តរូបនេះ បានថ្លែងឱ្យដឹងទៀតថា មូលហេតុដែលឈានដល់ការធ្វើតេស្តមនុស្សប្រមាណ ១០៨ នាក់ នៅក្នុងអគារមួយ នៃរោងចក្រនេះ គឺដោយសារក្រុមការងាររកឃើញបុរសម្នាក់វិជ្ជមានកូវីដ-១៩ ក្រោយការសួរនាំទើបដឹងថា បុរសរូបនេះ ធ្វើការនៅក្នុងអគារមួយនៃរោងចក្រខាងលើនេះ ដែលមានអ្នកពាក់ព័ន្ធចំនួន ១០៨ នាក់ ដែលក្នុ្ងងចំណោមនេះ រកឃើញអ្នកវិជ្ជមានកូវីដចំនួន ៥៤ នាក់ ទើបត្រូវដឹកអ្នកវិជ្ជមាននោះទៅកន្លែងព្យាបាលភ្លាមៗតែម្ដង ។
ក្នុងនោះផងដែរ រឿងដែលចៃដន្យកំឡុងពេលធ្វើតេស្តនោះ ស្របពេលកម្មករចេញទៅផ្ទះ ក៏ដើរចេញមកឃើញគេកំពុងតេស្តកូវីដ-១៩ នៅអគារតម្លើងកង់ ក៏នាំគ្នាស្រែកតគ្នាពីមាត់មួយទៅមាត់មួយ ទើបនាំឱ្យមានការជ្រួលច្របល់នាំគ្នាសម្រុករត់ចេញផង ជិះចេញផងតែម្ដង ៕