ទីបំផុត Camila និង Shawn វិលមកស្រឡាញ់គ្នាម្ដងទៀតហើយ ទៅណាមកណាកាន់ដៃគ្នាមិនរបេះ
ក្រោយឈរឱបថើបគ្នាយ៉ាងស្និទ្ធស្នាលនៅកម្មវិធី Coachella 2023 ផ្ទុះផ្អើលពេញបណ្ដាញសង្គមមួយរយៈមុន Shawn Mendes និង Camila Cabello នៅតែបន្តបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាតាមទីសាធារណៈជាថ្មី ខណៈពួកគេត្រូវបានប្រទះឃើញដើរកាន់ដៃគ្នានៅក្រុង Los Angeles កាលពីយប់ថ្ងៃទី ១៩ ខែមេសា កន្លងទៅ។
ជាក់ស្ដែង តាមរយៈវីដេអូមួយដែលអ្នកគាំទ្រថតបាន បានបង្ហាញឱ្យឃើញតារាស្រីប្រុសមួយគូនេះ បង្ហាញភាពផ្អែមល្ហែមដាក់គ្នា ដើរកាន់ដៃឡើងស្អិត និយាយគ្នាសើចសប្បាយតាមដងផ្លូវមិនខ្វល់ពីភ្នែកមហាជននោះឡើយ ដែលបញ្ជាក់ឱ្យឃើញច្បាស់ៗថា ពួកគេបានវិលត្រឡប់រកស្នេហ៍ចាស់ជាមួយគ្នាវិញ បញ្ចប់ឈ្មោះជាមិត្តជិតស្និទ្ធដូចមុន។
ជាមួយគ្នានេះដែរ បើតាមប្រភពមួយទម្លាយប្រាប់សារព័ត៌មាន Page Six បានឱ្យដឹងថា តារាចម្រៀង Shawn Mendes និង Camila Cabello នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា តាំងពីប្រកាសបែកគ្នាកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ មក តែអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺនៅពេលចូលរួមកម្មវិធី Coachella ជាមួយគ្នា ហើយអ្នកកាសែតបានស្រែកសួរ Camila ថា៖ «អ៊ីចឹងអ្នកទាំងពីរទាក់ទងគ្នាវិញហើយ?» រូបនាងក៏បានញញឹមឆ្លើយតបវិញថា៖ «ពិតមែនហើយអូន!»។
ចម្លើយយ៉ាងខ្លីប៉ុន្មានម៉ាត់របស់ Camila នេះហើយ បានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់ពួកគេ មានក្ដីរីករាយជាខ្លាំង និង ជឿជាក់យ៉ាងច្បាស់ថា តារាក្នុងដួងចិត្តរបស់ពួកគេពិតជាវិលមកទាក់ទងគ្នាវិញមែន៕