ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមុខការពារកម្ពុជា និងផ្តាំទៅ Miss Grand ភូកេត សង្ឃឹមថារឿងបែបនេះនឹងមិនកើតឡើងម្តងទៀត
មុននេះបន្តិចមហាជនកម្ពុជាផ្ទុះការប្រតិកម្មយ៉ាងខ្លាំង ក្រោយ Miss Grand ភូកេត 2023 នាង Tia Li Taveepanichpan បានបង្ហោះរូបភាពមួយសន្លឹករបស់ខ្លួននៅក្នុង Story IG បង្ហាញពីរូបភាពកាត់តទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ដែលសត្វទន្សងនេះក្នុងភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេររបស់ភាសាថៃ ដូចដែលខ្មែរយើងប្រើប្រាស់សត្វឆ្កែក្នុងពាក្យជេរដែរ។
យ៉ាងណាមិញ ក្រោយរូបភាពកាត់តមានសត្វទន្សង និង ទង់ជាតិកម្ពុជាបានបង្ហោះប្រមាណជិតកន្លះម៉ោង Miss Grand ភូកេត 2023 ក៏បានលុបរូបនោះចេញវិញ ហើយបានបង្ហោះរូបថ្មីជាមួយការបានបន្ថែមអក្សរជាភាសាអង់គ្លេស ដែលមានន័យថា ៖ «ចំពោះអ្នកណាដែលធ្វើបែបនេះ គឺវាមិនល្អនោះទេ សូមបញ្ឈប់ការស្អប់ជាតិគ្នាទៅវិញទៅមក ទាំងដែលពួកយើងរស់នៅទ្វីបជាមួយគ្នា។ ចូរលើកទឹកចិត្តគាំទ្រ កុំឈ្លោះជាន់ពន្លិចជាតិដទៃ។ ចំពោះអ្នកគាំទ្រនៅកម្ពុជា នេះមិនមែនជាការពិតនោះទេ វាគ្រាន់តែជារឿងប្រឌិតឡើង ធ្វើឱ្យមានរឿងរ៉ាវប៉ុណ្ណោះ។ ខ្ញុំសុំទោស នឹងសង្ឃឹមថាអ្នកគាំទ្រនឹងចិត្តល្អជាមួយគ្នា ជៀសចៀងអំពើមិនគប្បី»។
ក្រោយពីផ្ទុះរឿងរ៉ាវរូបកាត់តខាងលើកើតឡើង ហាក់មិនបង្អង់យូរ Miss Grand Cambodia 2022 និង ជា 5th Runner Up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមុខមកការពារប្រទេសកម្ពុជាក្នុងនាមជាកូនខ្មែរ ព្រមទាំងបញ្ជាក់ច្បាស់ៗសង្ឃឹមថានឹងមិនមានរឿងនេះកើតឡើងជាថ្មីម្តងទៀតនោះទេ។
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសរសេរជាភាសាអង់គ្លេស ដោយមានន័យជាភាសាខ្មែរថា ៖ «ខ្ញុំដឹងថាពួកយើងមកពីកន្លែងខុសគ្នា ប្រទេសខុសគ្នា តែយើងរស់នៅក្នុងពិភពលោកតែមួយ។ ខ្ញុំដឹងថា អ្នកស្រឡាញ់ប្រទេសរបស់អ្នក ដូចដែលខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំដែរ។ អ្វីដែលយើងគួរធ្វើ គឺឱ្យតម្លៃ ផ្តល់ក្តីស្រឡាញ់ឱ្យគ្នាទៅវិញទៅមក។ ម្យ៉ាងធ្វើជាអ្នកតំណាងប្រទេស គឺដើម្បីចែករំលែកភាពវិជ្ជមាន ហើយខ្ញុំសង្ឃឹមថារឿងបែបនេះនឹងមិនកើតឡើងម្តងទៀតឡើយ។ ខ្ញុំ និង ប្រទេសកម្ពុជាយើងស្រឡាញ់ Grand ក៏ដូចជាស្រឡាញ់ប្រទេសថៃដែរ»៕