ស្រស់ស្អាតណាស់! ស្ពានកោះពេជ្រ-កោះនរា ដាក់សាកល្បងអំពូលអគ្គិសនីរូប «ទង់ជាតិខ្មែរ» ឡើងភ្លឺចិញ្ចាចពេលរាត្រី
នាពេលថ្មីៗនេះ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពក្រុមការងារសាងសង់ កំពុងតេស្តសាកល្បងរូបភាពជាអំពូលអគ្គិសនីមានរូបទង់ជាតិខ្មែរនាពេលរាត្រី លើស្ពានកោះពេជ្រ-កោះនរា ភ្លឺចិញ្ចាចស្រស់ស្អាតក្រៃលែង។
គួរឱ្យដឹងផងដែរថា ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង និង ទៅថ្ងៃមុខផង ដែលអាចធ្វើឱ្យប្រជាពលរដ្ឋចំណេញពេលវេលា និង ថវិកាក្នុងការធ្វើដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេច ៖
១. អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានខ្សែកាប្លិ៍ តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និង តំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ០៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និង កំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់ ៥ តោន ចុះក្រោម។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឱ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារដែលនៅសល់ ឱ្យបានចប់សព្វគ្រប់។
២. អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានខ្សែកាប្លិ៍ តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និង តំបន់អភិវឌ្ឍកោះពេជ្រ ចន្លោះពីថ្ងៃទី ២០-២៣ ខែតុលា ឆ្នាំ ២០២៣ តទៅ ក្រោយពីក្រុមហ៊ុន O.C.I.C បញ្ចប់ការដ្ឋានសាងសង់ស្ពានទាំងស្រុង៕