ហេតុតែស្រលាញ់កម្ពុជា ឥឡូវនេះយុវជនជប៉ុន Tara Sotaro ចង់ធ្វើការស្ម័គ្រចិត្តបន្ថែមនៅទីក្រុងភ្នំពេញ
យុវជន Tara Sotaro ត្រូវបានគេស្គាល់ឈ្មោះថា តារា លោកគឺជាជនជាតិជប៉ុនដែលបានធ្វើដំណើរមកកាន់ទឹកដីកម្ពុជាកាលពីដើមឆ្នាំ ២០២៣។ ហេតុតែស្រលាញ់កម្ពុជា លោកបានធ្វើការស្ម័គ្រចិត្តជាមួយសកម្មភាពមនុស្សធម៌តាមរយៈការលក់នំ ដើម្បីបានប្រាក់យកទៅសាងសង់សាលារៀន ជួយសហគមន៍ក្រីក្រ និងដោះស្រាយបញ្ហាបរិស្ថាននៅកម្ពុជា។
ជាការពិតណាស់ ដើម្បីបានប្រាក់បរិច្ចាគ កន្លងមកយុវជនជប៉ុន តារា បានបង្កើតរទេះលក់នំក្រេប និងនំ Dango ដែលជាអាហារប្រពៃណីរបស់ជប៉ុន។ លោកតែងតែលក់ជារៀងរាល់ថ្ងៃ និងចល័តលើដងផ្លូវនៅក្នុងក្រុងសៀមរាប។ លោកបានប្រមូលយុវជនបង្កើតជាក្រុមមួយមានឈ្មោះថា Smile Group ដែលកន្លងមក ក្រុមយុវជននេះបានធ្វើការងារលក់នំដើម្បីប្រមូលប្រាក់សម្រាប់បរិច្ចាគផង និងរួមគ្នាសម្អាតបរិស្ថានក្នុងខេត្តសៀមរាបផងដែរ។
សកម្មភាពនឹងបេសកកម្មនៅក្នុងខេត្តសៀមរាបមិនបានប៉ុន្មាន ឥឡូវនេះ យុវជនញញឹមស្រស់ Tara Sotaro ហៅ តារា ក៏បានប្រកាសដំណឹងនៅលើបណ្តាញសង្គម ដែលរូបលោកមានបំណងចង់មកធ្វើការស្ម័គ្រនៅទីក្រុងភ្នំពេញ។ ជាក់ស្តែង ជាមួយរូបភាពឱនគោរពបែបប្រពៃណីជប៉ុន និងសរសេរសារជាភាសាខ្មែរ លោកបានលើកឡើងថា៖«ខ្ញុំចង់ធ្វើការស្ម័គ្រចិត្តនៅភ្នំពេញ សូមប្រាប់ពីទីតាំងដែលមានអ្នកក្រីក្រ និងកុមារក្រីក្រនៅក្នុងទីក្រុងភ្នំពេញ។ ខ្ញុំចង់ជួយពួកគេតាមរយៈការងារស្ម័គ្រចិត្តរបស់ខ្ញុំ។»
ក្រោយការបង្ហោះរបស់ តារា ឃើញថាមហាជនមានការចូលទៅ Comment ហូរហែ ខ្លះបានប្រាប់ពីទីតាំង ខ្លះក៏មានបំណងចូលរួម ឯខ្លះទៀតក៏សរសើរនូវទឹកចិត្តដែលលោកមានបេះដូងដ៏ស្រស់ស្អាតចំពោះកម្ពុជា៕