គួរឱ្យសរសើរ! Top4 ពួតដៃគ្នាបង្កើតមូលនិធិមួយ ជួយដល់កុមារៗកំពុងតែខ្វះខាតនៅភ្នំឱរ៉ាល់
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែចាប់អារម្មណ៍នូវរូបភាព និង សាររបស់កំពូលតារាដ៏ល្បី Top4 ដោយបានបង្ហាញនូវរូបភាពជាច្រើនសន្លឹករបស់កុមារា កុមារី នៅតំបន់ដាច់ស្រយាលមួយកំពុងតែខ្វះខាតសម្ភារក្នុងការរៀនសូត្រ។
ជាក់ស្តែង អ្វីដែលកំពុងតែធ្វើឱ្យមហាជនរំជួលចិត្ត និង ស្ងើចសរសើរដល់ Top4 ដែលបានបង្កើតនូវមូលនិធិ ដើម្បីស្វែងរកជំនួយជួយដល់សិស្សដែលកំពុងតែខ្វះខាត ក្នុងនោះដែរ Top4 បានរួមគ្នាបង្ហោះនូវរូបភាព ក៏ដូចជាភ្ជាប់សារថា ៖ «Top4 សប្បុរសធម៌ បានចុះធ្វើកាចែកសម្ភារសិក្សាដល់ក្មេងៗ អាចចំនួនប្រហែល ៤០០ នាក់ឡើងលើ និង មានធ្វើម្ហូបជូនដល់ពួកគាត់ តាមទំហំថវិកាដែលយើងទទួលបានជាក់ស្តែង»។ ក្នុងនោះលោកក៏បានបន្តប្រាប់ទៀតថា ៖ «យើងកំពុងតែរៃអង្គាស សង្ឃឹមថាបងប្អូននឹងចូលរួមគំរោងជួយដល់ក្មេងៗនៅ ភ្នំឱរ៉ាល់ ថ្ងៃទី ១០ ខែ ១០ អរគុណបង តាន់ គឹមសួរ ជួយសម្រួល និង ផ្តល់រូបភាពក្មេងៗនៅបឋមសិក្សា»។
ក្រោយពីឃើញបែបនេះ បណ្តាមហាជនដែលនិយមគាំទ្រតារាទាំង ៤ ហាក់មិននៅស្ងៀមនោះឡើយ ក៏បាននាំគ្នាជួយស៊ែរចែករំលែក និង បានភ្ជាប់ជាមួយនូវអារម្មណ៍រំភើបជាខ្លាំងដល់ពន្លកយុវជនកូនខ្មែរ ៤ រូបនេះ ដែលមានទឹកចិត្តប្រពៃ ចេះសាមគ្គីគ្នាជួយដល់សង្គមជាតិ៕