រដូវបុណ្យទាន សឿ សុធារ៉ា សម្រេចចិត្តបួសជាដូនជី ដើម្បីឧន្ទិសកុសលជូនម្ដាយ និង ម្ចាស់កម្មពៀរ
ដូចដែលប្រិយមិត្តបានដឹងហើយថា តារាសម្ដែងស្រី សឿ សុធារ៉ា បានបាត់បង់ម្តាយជាទីស្រឡាញ់កាលពីឆ្នាំមុន ដែលនាំឱ្យជីវិតរបស់នាងជួបនូវព្យុះភ្លៀងយ៉ាងខ្លាំងរហូតដល់ថ្នាក់ត្រូវសម្រាកព្យាបាលផ្លូវចិត្តមួយរយៈធំទម្រាំបានធូរស្បើយ។
តារាសម្ដែងស្រី សឿ សុធារ៉ា ជាកូនស្រីដែលស្រឡាញ់ និង កតញ្ញូនឹងម្តាយខ្លាំងណាស់ ខណៈដែលម្តាយលាចាកលោក នាងបានបង្ហាញអារម្មណ៍សោកសៅខ្លាំង ហាក់បីដូចជាមានថ្មមួយដុំធំសង្កត់ក្នុងទ្រូងអ៊ីចឹង។ ដោយឡែក មកដល់ពេលនេះគឺមានរយៈពេលប្រមាណជិត ១ ឆ្នាំហើយនៃការបាត់បង់ម្តាយ តែយ៉ាងណាតារាស្រីរូបនេះនៅតែនឹកនាម្តាយគ្មានថ្ងៃភ្លេចឡើយ។
យ៉ាងណាមិញ នៅពេលនេះគឺជារដូវកាលបុណ្យភ្ជុំបិណ្ឌ ក្នុងនោះគេឃើញថាតារាសម្ដែងស្រី សឿ សុធារ៉ា បានទៅវត្តដែលជាទីកន្លែងតម្កល់ធាតុម្តាយធ្វើបុណ្យឧទ្ទិសកុលស និង បួសរយៈពេលកន្លះខែដើម្បីរក្សាចិត្តផង។ បើតាមការឱ្យដឹងពីការបង្ហោះរបស់តារាស្រី សឿ សុធារ៉ា បានរៀបរាប់ថា ៖ «បងប្អូនជាទីស្រឡាញ់ នឹករឭកទាំងអស់គ្នា ក្នុងនាមនាងខ្ញុំបានបួសជាដូនជីរយៈពេលកន្លះខែក្នុងពេលភ្ជុំដាក់បិណ្ឌដោយភាពស្ងប់សុខជូនម្តាយនាងខ្ញុំ ខ្ញុំសុំឧទិ្ទសបុណ្យទាំងអស់នេះដល់ម្ចាស់កម្មពៀរមិនថាជាតិមុន ជាតិនេះ ឬក៏ជាតិណាក្តី និងសូមឧទ្ទិសដល់គ្រប់វិញ្ញាណក្ខន្ធដែលឋិតក្នុងភពផែនដីនេះ សូមឱ្យបានដល់គ្រប់ៗវិញ្ញាណទាំងអស់ សូមបងប្អូនទាំងអស់គ្នាកុំបីអភ័ព្វដូចនាងខ្ញុំគ្រប់ៗជាតិអី»៕