ថ្មី ! ថ្ងៃឈប់សម្រាកនៅកម្ពុជាផ្លាស់ប្ដូរ ហើយព្រះរាជពិធីសំខាន់ ១ អាចត្រូវបន្ថយថ្ងៃ
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៨ មន្ត្រីរាជការ និយោជិក កម្មករ គ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់អាចឈប់សម្រាកថ្ងៃបុណ្យសរុប ២៧ ថ្ងៃ ។ ក្រោយមក ប្រមុខរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី ២០ ខែឧសភា ធ្វើជា ”ទិវាជាតិនៃការចងចាំ” និង ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះមានន័យថា កម្ពុជា មានថ្ងៃឈប់សម្រាក ២៨ ថ្ងៃ ។
ដោយឡែកនៅក្នុងវេទិកាវិស័យឯកជន និង រាជរដ្ឋាភិបាលនៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ នេះសម្ដេចងតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា ការឈប់សម្រាករយៈពេលពី ២៨ ទៅ ៣០ ថ្ងៃនេះ គឺច្រើនជាងបណ្តាប្រទេសដទៃ ដូច្នេះត្រូវកាត់បន្ថយខ្លះ ដើម្បីលើកកម្ពស់ផលិតភាពការងារ ។ ក្នុងនោះចាប់ពីឆ្នាំ ២០២០ នឹងត្រូវកាត់បន្ថយថ្ងៃឈប់សម្រាក ៧ ថ្ងៃ ។
ការសម្រេចយក ៧ ថ្ងៃមកជាថ្ងៃបំពេញការងារធម្មតាវិញនេះ នៅមិនទាន់បានបញ្ជាក់ថានឹងយកថ្ងៃណាខ្លះនៅឡើយនោះទេ ប៉ុន្តែប្រមុខរដ្ឋាភិបាលបង្ហើបថា ថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលធ្លាប់ឈប់សម្រាក ៣ ថ្ងៃ នឹងត្រូវកាត់បន្ថយឲ្យនៅសល់តែ ១ ថ្ងៃប៉ុណ្ណោះ ឯ ២ ថ្ងៃទៀត នឹងត្រូវលុបចោល ៕
អត្ថបទ ៖ រាជ