ព្រឺពេញខ្លួនអស់ហើយ ! រកឃើញរឿងរ៉ាវអាថ៌កំបាំងរាប់ពាន់ឆ្នាំ ៥ យ៉ាងនៅកម្ពុជា
កម្ពុជាជាទឹកដីបង្កប់ទៅដោយរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអ្នកស្រាវជ្រាវនៅតែបន្តរុករកដើម្បីបកស្រាយ ពីទឹកដីដ៏អច្ឆរិយមួយនេះ ។ ប្រាង្គប្រាសាទ សិលាចារិក មានស្ទើរគ្រប់ទីកន្លែង ហើយសុទ្ធតែបង្កប់ទៅដោយអាថ៌កំបាំងរាប់ពាន់ឆ្នាំ និងបង្កើតបានជាចម្ងល់មិនចេះចប់ដល់កូនចៅជំនាន់ក្រោយ ។ តួយ៉ាងថ្មីៗនេះអ្នកស្រាវជ្រាវបានរកឃើញនូវអាថ៌កំបាំងមួយចំនួនពាក់ព័ន្ធនឹងប្រវត្តិនៃការកកើតទឹកដីកម្ពុជាគួរឲ្យព្រឺសម្បុរបំផុត ។
១. រកឃើញដើមធ្លក និងគ្រាប់ធ្លកកប់ក្រោមបាតប្រសាទភិមានអាកាសអាចទាក់ទងនឹងរឿងព្រេងនគរគោកធ្លក
ក្រុមអ្នកស្រាវជ្រាវភ្ញាក់ផ្អើលខ្លាំងក្រោយរកឃើញដើមធ្លក និង គ្រាប់ធ្លកកប់ក្រោមបាតប្រសាទភិមានអាកាស និងបានដាក់ការសនិដ្ឋានថាអាចមានការទាក់នឹងរឿងព្រេងនគរគោកធ្លក ។ ក្រុមសា្រវជ្រាវបុរាណវិទ្យា MoDaThom (ម៉ូដាធំ) របស់វិទ្យាស្ថានសាលាបារាំងចុងបូព៌ាEFEO សហការជាមួយអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្រាវជ្រាវនៅក្នុងបរិវេណអតីតព្រះបរមរាជវាំងអង្គរធំ អស់រយៈកាលជិត២០ឆ្នាំមកហើយ ។
លទ្ធផលដែលអស្ចារ្យនោះ គឺរឿងព្រេងនគរគោកធ្លកដែលលេចឮនៅសតវត្សទី១៩ ពិតជាមានកំណើតនៅអង្គរ ពោលគឺមានទាក់ទងនឹងប្រាសាទភិមានអាកាស ត្បិតដើមធ្លកនិងគ្រាប់ធ្លកបានប្រទះឃើញនៅបាតប្រាសាទនេះឯង...នេះជាទិន្នន័យថ្មី និងជាព័ត៌មានដ៏សំខាន់សម្រាប់សិក្សាពីប្រវត្តិកំណកំណើតនៃរឿងព្រេងនគរគោកធ្លក ដែលខ្មែរបាននិទានតគ្នាតាំងពីស.វទី១៩គ.ស មក ។ ចំពោះលោក Jacques Gaucher ប្រធានគម្រោងស្រាវជ្រាវ MoDaThom (ម៉ូដាធំ)ភស្ដុតាងនេះគឺជាទម្ងន់មួយបញ្ជាក់ថា ប្រវត្តិនគរគោកធ្លកប្រហែលជាមានកំណើតនៅតំបន់អង្គរនេះមែន ។
២. រកឃើញភស្តុតាងថ្មីប្រហែលជាអតីតរាជវាំងបុរាណនៅខ្នងភ្នំគូលែន
កំណាយស្រាវជ្រាវនៅខ្នងភ្នំគូលែន កាលពីថ្មីៗនេះ បានរកឃើញភស្តុតាងថ្មី ប្រហែលជាអតីតរាជវាំងបុរាណក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី២ ក្នុងសតវត្សទី៩ ។ ការធ្វើកំណាយស្រាវជ្រាវនេះ គឺស្ថិតលើទីតាំងឈ្មោះ «បន្ទាយ» បច្ចុប្បន្នហៅថាផ្ទះគូចារ្យ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែនស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
ក្នុងកំណាយស្រាវជ្រាវនោះ បានរកឃើញចំណុចដែលពាក់ព័ន្ធនឹងអតីតរាជវាំងខ្មែរបុរាណដូចខាងក្រោមនេះ ៖
• រកឃើញផ្លូវចូលពីទិសខាងកើតអគារសង់ពីឥដ្ឋ
• សំណង់កណ្ដាលនៃអគារនេះមានបីដំណាក់កាលដំណាក់កាល់ទី១ ប្រហែលជាស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី២ស្ថិតក្នុងសតវត្សទី៩ បច្ចេកទេសសំណង់មានបង្ហាប់គ្រឹះដោយប្រើដី លាយជាមួយកម្ទេចថ្មបាយក្រៀម គ្រួស បន្ទាប់មករៀបក្រវាត់ពីឥដ្ឋមុននឹងធ្វើសំណង់ខាងលើ ។
• ដំណាក់កាលទី២ គឺចាក់ដីកំរាស់៣០សង់ទីម៉ែត្រនៅលើកំរាលឥដ្ឋដំណាក់កាលទី១ បន្ទាប់មកក៏រៀបកម្រាលឥដ្ឋនៅពីលើ ក្នុងដំណាក់កាលនេះមិនទាន់អាចធ្វើការសន្និដ្ឋានថាធ្វើពេលណានៅឡើយនោះទេ ដោយសារមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានបឋម ។
• ដំណាក់កាលទី៣ ស្ថិតក្នុងអំឡុងទសវត្សរ៍ទី៦០រហូតដល់ពេលប្រទេសមានសង្គ្រាម ។ តាមការ សាកសួរពីចាស់ទុំនៅតំបន់នោះបានឲ្យដឹងថា ក្នុងទសវត្សទី៦០មានលោកតាអាចារ្យម្នាក់បានមកសង់ផ្ទះនេះ ដើម្បីធ្វើធម៌ បន្ទាប់ពីប្រទេសមានសង្គ្រាមក៏បាត់ដំណឹងគាត់ចាប់ពីពេលនោះមក ។
៣. កំណាយក្នុងល្អាងនៅបាត់ដំបង រកឃើញពីជីវិតរស់នៅរបស់មនុស្សរាប់ពាន់ឆ្នាំមុន
ក្រុមអ្នកស្រាវជ្រាវកម្ពុជា និងបារាំងបានធ្វើកំណាយនៅក្នុងល្អាងស្ពានដែលមានអាយុកាលប្រហែល ៧០០០ឆ្នាំ ស្ថិតនៅក្នុងភ្នំទាក់ទ្រាំង (ពីមុនឈ្មោះភ្នំនាគត្រង់) នៅខេត្តបាត់ដំបង និងបានរកឃើញ វត្ថុប្រើប្រាស់ និង សពមនុស្សដែលមានអាយុកាលរាប់ពាន់ឆ្នាំ ។
អ្វីដ៏គួរឲ្យភ្ញាក់ផ្អើលនោះ ក្នុងកំណាយស្វែងរកប្រភពសកម្មភាពនៃការរស់នៅរបស់មនុស្ស ក្នុងល្អាងខាងលើ ក្រុមអ្នកស្រាវជ្រាវ កម្ពុជា និងបារាំង បានប្រទះឃើញសកម្មភាពក្នុង ៣ដំណាក់កាល៖
ទី១- ដំណាក់កាលថ្មបំបែក ស្ថិតក្នុងជម្រៅជ្រៅ និងមានអាយុកាលប្រហែល ៧ម៉ឺនឆ្នាំ ។
ទី២- ដំណាក់កាលថ្មបំបែកមួយទៀត ដែលភាសាបច្ចេកទេសហៅថា វប្បធម៌ហាវប៊ិនញៀន ដោយរកឃើញរបស់របរប្រើប្រាស់ ដូចជា ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយ (អង្កាំ និងកងដៃធ្វើពីថ្ម និងបន្តោងខ្សែកធ្វើពីចង្កូម) និងសំណល់ឆ្អឹងសត្វ មានអាយុកាលពី ៥ពាន់ ទៅ ១ម៉ឺនឆ្នាំ ។
ទី៣- ដំណាក់កាលរកឃើញកន្លែងកប់សព មានន័យថា ក្រោយពីវប្បធម៌ថ្មបំបែក មនុស្សមួយក្រុមទៀត ដែលស្ថិតក្នុងយុគថ្មរំលីង ចេះធ្វើកសិកម្ម លែងរស់នៅក្នុងល្អាងនេះ ហើយបានយកល្អាងស្ពានធ្វើជាកន្លែងកប់សព។ រហូតមកដល់ពេលនេះ ក្រុមស្រាវជ្រាវបានរកឃើញសពចំនួន ៦ហើយ ដោយផ្នូរនីមួយៗមានអាយុ ៣ពាន់ឆ្នាំ។
ល្អាងស្ពាន ស្ថិតក្នុងភូមិគីឡូ៣៨ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ធ្វើដំណើរពីផ្លូវជាតិលេខ៥៧ ចម្ងាយ ៣គីឡូមែត្រ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ញៀវទេសចរអន្តរជាតិ ទៅទស្សនាមានប្រមាណ ១០០នាក់ ក្នុងមួយឆ្នាំៗ ។ សម្រាប់ការធ្វើកំណាយល្អាងនេះ ត្រូវធ្វើឡើងលើកដំបូងដោយលោកស្រី សេស៊ីល ម៉ូរ៉េ និងលោករ៉ូឡង់ ម៉ូរ៉េ នៅទសវត្សរ៍ ១៩៦០ ។ រាល់របស់របរនានា ដែលត្រូវបានរកឃើញ ត្រូវរក្សាទុកក្នុងសារមន្ទីរខេត្តបាត់ដំបង ។
៤. រកឃើញគំនូរអាយុជាង ៣០០០ឆ្នាំនៅកម្ពុជាក្នុងតំបន់មួយគ្មានមនុស្សទៅដល់
កាលពីចុងឆ្នាំ២០១៧ ក្រុមសិក្សាស្រាវជ្រាវឧទ្យានុរក្សបានទៅកាន់កន្លែងគំនូរប្រវត្តិសាស្ត្ររបស់មនុស្សមានអាយុកាលជាង៣០០០ឆ្នាំនៅចំណុចក្រសាំង-កាណម តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្ត្រីឧទ្យានុរក្សបានចុះដល់ទីតាំងដើម្បីពិនិត្យ ទីតាំងនោះមិនមានប្រជាជនណាបានមកដល់កន្លែងនេះនៅឡើយទេព្រោះទីតាំងស្ថិតក្នុងព្រៃស្រោងឆ្ងាយពីភូមិ ផ្លូវលំបាកខ្លាំង ។
តាមការបញ្ជាក់របស់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានទៅសិក្សាទីតាំងនេះដោយបញ្ជាក់ថាគំនូរនេះមានអាយុកាលប្រហែលជាង៣០០០ឆ្នាំមកហើយ និងបន្តស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្របន្ថែមទៀត ។
៥. រកឃើញហ្វូស៊ីល អាយុរាប់លានឆ្នាំ បង្កប់អាថ៌កំបាំងការកកើតប្រទេសកម្ពុជា
កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្រុមស្រាវជ្រាវ នៃនាយកបេតិកភណ្ឌ នៃក្រសួងបរិស្ថានបានរកឃើញហ្វូស៊ីល ខ្យង គ្រំ និងងាវសមុទ្រក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារដែលអាចមានអាយុរាប់លានឆ្នាំ ។
ពេលនោះ លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន លើកឡើងថា “តាមរយៈនៃការរកឃើញនេះ ក្រុមបច្ចេកទេសអាចសន្និដ្ឋានថា ប្រទេសកម្ពុជាអាចធ្លាប់ជាបាតសមុទ្រ”។ ដោយសារតែកង្វះអ្នកជំនាញហ្វូស៊ីលនេះនៅមិនអាចវាស់អាយុកាលពិតប្រាកដនៅឡើយទេ ប៉ុន្តែលោកអាចសន្និដ្ឋានបានថា ហ្វូស៊ីលនេះមានអាយុមិនតិចជាងរាប់លានឆ្នាំនោះទេ ។
ដុំហ្វូសីលទាំងនោះមានរាងជាដុំថ្ម ដែលមានផ្ដុំទៅដោយងាវសមុទ្រ ងាវ ឬក៏គ្រំដែលត្រូវបានរកឃើញនៅលើទួលមួយក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ។ លោក លឹម វណ្ណច័ន្ទ បានរំពឹងថា ប្រសិនទីតាំងនេះតំបន់ដែលរកឃើញហ្វូស៊ីលត្រូវបានសិក្សាធ្វើកំណាយនោះ វានឹងនាំទៅដល់ការស្វែងយល់ពីភាពចំណាស់នៃទឹកដីរបស់កម្ពុជា ហើយអាចស្វែងយល់ពីប្រភេទសត្វដែលមានប្រវត្តិក្នុងប្រទេសកម្ពុជា ៕
អត្ថបទ ៖ រាជ