មកស្ដាប់សម្ដីពិតអ្នកផលិតមីល្ពៅត្បូងឃ្មុំ ក្រោយអ្នកបាត់ដំបងចោទថាជាចោរ
ក្រោយយុវជន ស្រេង លីហេង ជាអ្នកខេត្តត្បូងឃ្មុំ អាចផលិតមីល្ពៅបានដែរ ស្រាប់តែអ្នកផលិតមីល្ពៅនៅខេត្តបាត់ដំបង បានសរសេរសារមួយបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «ជនណាដែលផលិតមីល្ពៅ គឺជាចោរ» ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ លីហេង បានបកស្រាយប្រាប់ប្រជាប្រិយនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះថា មីល្ពៅធម្មតាឲ្យតែគេចេះធ្វើមីគឺគេធ្វើបានដូចគ្នា មិនចាំបាច់ទៅចម្លងរូបមន្តពីអ្នកណាទេ ដូចជារូបលោកគឺបំបែករូបមន្តចេញពីខ្លួនឯងផ្ទាល់ គ្មានបានលួចចម្លងពីអ្នកបាត់ដំបងឡើយ ។
លោក លីហេង អ្នកផលិតមីល្ពៅត្បូងឃ្មុំ
អ្នកខេត្តត្បូងឃ្មុំរូបនេះបានផ្ដាំផ្ញើទៅលើការចោទប្រកាន់របស់អ្នកផលិតមីល្ពៅនៅបាត់ដំបងថា ពាក្យថាមីល្ពៅ គឺគេអាចផលិតបានទូទាំងពិភពលោក ។ ដូច្នេះការចោទថាលោកជាចោរ គឺខុសហើយ ប្រសិនបើលោកផលិតមីល្ពៅនៅត្បូងឃ្មុំ តែដាក់យីហោថា មីល្ពៅខ្មែរបាត់ដំបង នោះគឺលោកពិតជាខុសមែន តែនេះលោកផលិតនៅត្បូងឃ្មុំ ហើយដាក់ឈ្មោះថា មីល្ពៅមេមត់ហើយប្រើរូបមន្តខុសគ្នាដាច់តែម្ដង ។
យុវជនវ័យ ២៤ ឆ្នាំរូបនេះ បាននិយាយយ៉ាងដូច្នេះថា «ការផលិតមីនេះគាត់ក៏ជាលក្ខណៈសិប្បកម្មតូចមួយ ហើយរបស់ខ្ញុំក៏មិនមែនជារោងចក្រធំដុំ ខ្ញុំធ្វើជាលក្ខណៈគ្រួសារ អ៊ីចឹងខ្ញុំអាចធ្វើបាន ហើយអ្នកផ្សេងទៀតក៏អាចធ្វើបាន ព្រោះកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ។ ម្យ៉ាងទៀតមីខ្ញុំ និង គាត់គឺខុសគ្នាមួយជាប្រភេទមីស្ងួត និងមួយទៀតជាប្រភេទមីស្រស់» ។
គួរឲ្យដឹងថា យុវជន គិម វ៉ាង មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសិក្សាផ្នែកចំណីអាហារនៅខេត្តបាត់ដំបង និង រកឃើញរូបមន្តផលិតមីល្ពៅនេះ។ យុវជនរូបនេះ បានបដិសេធមិនទទួលកាវិនិយោគឡើយ ដោយរង់ចាំឲ្យរដ្ឋាភិបាលជួយជ្រោមជ្រែង ។ ដោយឡែកថ្មីៗនេះ យុវជនម្នាក់ទៀត គឺ លីហេង នៅខេត្តត្បូងឃ្មុំដែលបញ្ចប់ការសិក្សាផ្នែកធ្វើនំ មកពីភ្នំពេញ អាចផលិតមីល្ពៅនេះបានដែរ ទើបអ្នកផលិតមីល្ពៅនៅបាត់ដំបងចោទ លីហេង ថាជាចោរ ទាំងនៅក្នុងប្រទេសកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ៕
លោក គិម វ៉ាង អ្នកលផិតមីល្ពៅបាត់ដំបង
លោក លីហេង អ្នកផលិតមីល្ពៅត្បូងឃ្មុំ
អត្ថបទ៖ រាជ