ទើបដឹង ផ្លូវជាតិលេខ៦ មានស្ពានបុរាណសម័យអង្គរច្រើនដល់ម្ល៉ឹងផង !
ស្ថានភាពស្ពានបុរាណសម័យអង្គរទាំង២១ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ តាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា កាលពីពាក់កណ្តាលឆ្នាំ ២០១៨ កន្លងទៅបានឱ្យដឹងថា នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ពីប្រាសាទបាគង ដល់ទីប្រជុំជនកំពង់ក្តី ក្នុង ខេត្តសៀមរាប អ្នកបុរាណវិទ្យា រកឃើញស្ពានបុរាណក្នុងសម័យអង្គរចំនួន ២១ កន្លែង ។
ដោយសារតែកត្តាពេលវេលា ការខ្វះខាតកិច្ចការគាំពារក្នុងពេលប្រទេសមានសង្គ្រាម ក្នុងចំណោមស្ពានបុរាណទាំង ២១ បច្ចុប្បន្ននេះ មានស្ពានបុរាណចំនួន ១០ បានខូចបាត់រូបរាងអស់ហើយ គឺនៅសល់តែស្ពានចំនួន ១១ ប៉ុណ្ណោះ ដែលអាចរក្សាបានទ្រង់ទ្រាយរបស់វា ។
ស្ពាននៅសេសសល់ទាំង ១១ នោះរួមមានដូចជា ស្ពានអូរចិញ្ជៀន ស្ពានតូច ស្ពានថ្មបាយក្រៀម ស្ពានថ្ម ស្ពានតាមាស ស្ពានភូមិអូរ ស្ពានថ្នល់ដាច់ ស្ពានស្វាយ ស្ពានបឹងអំពិល ស្ពានខ្ពស់ និង ស្ពានព្រះទិស(ស្ពានកំពង់ក្តី) ។
កន្លងមកស្ពានបុរាណទាំង ១១ នេះ មានសភាពទ្រុឌទ្រោមខ្លាំង តែចាប់តាំងពី ឆ្នាំ ២០១៣ នៅពេលធ្វើការជួសជុលផ្លូវជាតិលេខ ៦ ឡើងវិញ អាជ្ញាធរជាតិអប្សរាបានស្នើសុំក្រសួងសាធារណការ និង ដឹកជញ្ជូន ធ្វើផ្លូវវាងពីស្ពានបុរាណទាំងនោះ ដើម្បីថែរក្សា និង អភិរក្សឱ្យបានគង់វង្ស និង សម្រាប់បម្រើវិស័យទេសចរណ៍ផងដែរ ។
ដើម្បីថែរក្សា និង លើកតម្លៃស្ពានបុរាណទាំងនោះ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានយកចិត្តដាក់ថែទាំ និង លើកតម្លៃស្ពានបុរាណ ដូចជា ស្ពានព្រះទិស ដោយដាក់ឱ្យមានភ្នាក់ងារអភិរក្សចំនួន ៤ នាក់ បំពេញការងារជាអចិន្រ្តៃយ៍ បានកសាងរោងឆ្មាំ ១ ខ្នង បង្គន់អនាម័យ ១ ខ្នង មាន ៤ បន្ទប់ សម្រាប់បម្រើភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានឈាងចូលទស្សនាស្ពានបុរាណមួយនេះ ។
ដោយឡែកស្ពានបុរាណចំនួន ១០ ទៀត អាជ្ញាធរបានដាក់ស្លាកឈ្មោះតាមស្ពានបុរាណនីមួយៗ ដើម្បីឱ្យភ្ញៀវទេសចរបានស្គាល់ ព្រមទាំងធ្វើការសម្អាតជារៀងរាល់ខែ ៕
ដោយ៖សុថាត់