ហេតុផលមួយចំនួនទៀតដែលកូនតូចយំ មិនមែនមកពីបញ្ហាឈឺតែមួយមុខ !
មានមនុស្សជាច្រើនបានដឹងរួចទៅហើយថា ទារកមិនចេះនិយាយអ្វីក្រៅពីយំទេ ហើយការយំក៏អាចជាវិធីដែលគេចង់បញ្ជាក់ថា ជាការឃ្លាន ឈឺ ខ្លាច ត្រូវការគេង និងអ្វីច្រើនទៀតដែរ ។ ដូច្នេះតើអ្នកធ្វើម៉េចទើបដឹងច្បាស់ថា ទារកយំនេះកំពុងតែប្រាប់អ្វីដល់អ្នក ? ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីហេតុផលញឹកញាប់បំផុតដែលធ្វើឲ្យទារកយំ ៖
ឃ្លាន
វាប្រហែលជារឿងដំបូងគេដែលអ្នកត្រូវគិតហើយពេលដែលទារកយំម្តងៗ ។ អាការយំដែលថាជាការឃ្លាននោះ អាចមើលដឹងតាមរយៈការលិឍបបូរមាត់ ងាក់ក្បាលរកអ្វីដែលប៉ះមាត់ និង ចេះតែដាក់ម្រាមដៃចូលមាត់ ។
ឈឺពោះ និង ផោមច្រើន
ការដែលមានបញ្ហានៅក្រពះច្រើនតែជាប់ទាក់ទងនឹងការផោមច្រើន ឬ យំច្រើនតែម្តង ។ ជំងឺដ៏អាថ៌កំបាំងមួយឈ្មោះថា Colic វាជាការយំច្រើនជាប់យ៉ាងហោចណាស់ ៣ ម៉ោងក្នុងមួយថ្ងៃ និង រយៈពេល ៣ ថ្ងៃក្នុងមួយសប្តាហ៍ ដែលយ៉ាងហោចណាស់ ៣ សប្តាហ៍ជាប់គ្នា ។ បើសិនជាកូនអ្នកយំភ្លាមៗក្រោយពីបៅរួច គេអាចនឹងឈឺពោះហើយ ។ យកល្អគួរតែទៅជួបពេទ្យសិនមុននឹងព្យាយាមឲ្យថ្នាំគ្រប់ប្រភេទដល់គេប្រើ ។ ករណីគេផោមច្រើនហើយយំទៀត យកល្អគួរតែឲ្យគេគេងផ្ងាលើគ្រែ ហើយព្យាយាមឈ្លីជង្គង់គេឡើងទៅលើ ព្រោះវាអាចជួយសម្រួលការផោមរបស់គេបានដែរ ។ បើសិនជាកូនយំជាប់ពេញមួយថ្ងៃ វាអាចជាការទល់លាមកហើយ ។
ត្រូវការភើ
បើសិនជាកូនយំក្រោយពីបៅឆ្អែត ការភើប្រហែលជាជួយដល់គេបាន ។ វាអាចដោយសារតែក្មេងលេបខ្យល់ច្រើននៅពេលគេបៅដោះ ឬ កំប៉ុងទឹកដោះគោ ដែលជាហេតុធ្វើឲ្យមិនស្រួលក្នុងពោះ និង ត្រូវបញ្ចេញខ្យល់នោះមកក្រៅតាមរយៈការភើវិញ ។ ករណីដែលគេពិបាកភើ អ្នកអាចជួយគេបានតាមរយៈការត្រដុសខ្នងគេតិចៗដោយប្រើបាតដៃ។
ខោទឹកនោមស្ងួត
ក្មេងខ្លះចង់ឲ្យអ្នកដឹងភ្លាមនៅពេលគេត្រូវការផ្លាស់ប្តូរខោទឹកនោម តែក្មេងផ្សេងទៀតអាចស៊ាំនឹងការស្ងួតរបស់ខោទឹកនោមដែរ ។ ដូច្នេះមិនខ្វល់ថាគេត្រូវការដូរខោទឹកនោមឬអត់ទេ យកល្អគួរតែពិនិត្យផងគ្រប់ពេលដែលគេយំ ។
ត្រូវការគេង
រឿងនេះមិនខុសគ្នាពីក្មេងដែលអស់កម្លាំង និង ចង់គេងឡើយ គឺគេអាចគេងគ្រប់កន្លែង និង គ្រប់ពេល ប៉ុន្តែអ្វីដែលពិបាកគឺអ្នកមិនអាចដឹងថាពេលណាគេត្រូវការគេងឡើយ ។ បើសិនជាក្មេងយំចំពេលដែលលេងច្រើនពេក មានន័យថា គេអស់កម្លាំង ហើយក៏ត្រូវការគេងដែរ ។
ចង់ឲ្យគេព ឬ បី
ក្មេងតែងតែត្រូវការថ្នាក់ថ្នមច្រើន ។ ពួកគេក៏ចង់មើលមុខឪពុកម្តាយ សំឡេងរបស់ពួកគេ ស្តាប់ចង្វាក់បេះដូងពួកគេ និង ស្រង់ក្លិនពិសេសថែមទៀត ។ ដូច្នេះការយំរបស់គេអាចជាមធ្យោបាយដ៏ល្អមួយដើម្បីឲ្យអ្នកនៅជិតខ្លួនមកបីត្រកងគេ ។
ក្តៅពេក ឬ ត្រជាក់ពេក
បើសិនជាកូនអ្នកមានអារម្មណ៍ញ័រខ្លួនពេលដោះសម្លៀកបំពាក់គេដើម្បីដូរខោទឹកនោម ឬ លាងគូថដោយប្រើកន្សែងត្រជាក់ គេប្រហែលជាបង្ហាញឲ្យដឹងតាមរយៈការយំដែរ ។ ទារកទើបនឹងកើតចូលចិត្តឲ្យគេឱបដើម្បីរក្សាភាពកក់ក្តៅ តែមិនមែនក្តៅពេកទេ ។ ដូច្នេះបើសិនជាគេយល់ថាក្តៅពេកគឺយំដូចគ្នា ។
ឈឺខ្លាំង និង ពិបាកសម្គាល់
ទារកអាចពិបាកដោយសារតែមានអ្វីមួយធុញ ឬ ចងសក់គេតឹងៗ ឬមានអ្វីមួយជាប់ដៃ ឬ ជើងគេ ។ កាលដែលគេទ្រាំមិនបានរយៈពេលយូរ នោះការយំនឹងកើតឡើងដើម្បីឲ្យអ្នកនៅជិតខ្លួនជួយគេ ។ ពេលខ្លះក្មេងយំដោយសារតែអាឡែកហ្ស៊ីនឹងសម្លៀកបំពាក់ដែលគេស្លៀកផង ។
ឈឺធ្មេញ
ការដែលធ្មេញដុះ អាចជាការឈឺចាប់ដែរ ដោយសារតែវាធ្វើឲ្យតឹងដល់អញ្ចាញធ្មេញ ។ ក្មេងខ្លះក៏អាចឈឺចាប់ខ្លាំង តែរឿងនេះសុទ្ធតែគ្រប់គ្រាន់ធ្វើឲ្យគេឈឺយំដល់ហូរទឹកភ្នែកបានទាំងអស់ ។ បើសិនជាអ្នកមិនច្បាស់ថា គេយំដោយសារឈឺធ្មេញឬអត់នោះ អ្នកអាចដាក់ម្រាមដៃស្ទាប់ធ្មេញគេបានថា តើមានប៉ោងដែរឬអត់ ។ រឿងនេះអាចកើតឡើងនៅពេលគេអាយុពី ៤ ទៅ ៧ ខែ ឬ អាចលឿនជាងនេះទៀតក៏មានដែរ ។
មានអារម្មណ៍មិនល្អ
បើសិនជាអ្នកបានធ្វើរឿងទាំងអស់ដូចខាងលើ ហើយគេនៅតែយំទៀត នោះអាចនិយាយបានថា ការយំនេះទាក់ទងនឹងមានអ្វីមួយខុសប្រក្រតីចំពោះសុខភាពគេហើយ ដូចជា ក្តៅខ្លួន ឬ មានសញ្ញានៃការបង្ករោគក្នុងខ្លួនហើយ ។ ការយំដោយសារតែមានជំងឺគឺពិបាកវាយតម្លៃណាស់ តែបើសិនជាកូនយំទៅមានសំឡេងខុសធម្មតា ចូរកុំគិតយូរអី នាំទៅជួបពេទ្យទៅ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ babycenter )
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com