ព្រលឹងចុងសក់! យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ផ្ទុះឆេះម៉ាស៊ីន ពេលកំពុងហោះហើរ
យន្តហោះដឹកអ្នកដំណើរនៃក្រុមហ៊ុនមិកស៊ិក Viva Aerobus បានបង្ខំចិត្តចុះចតភ្លាមៗ ក្រោយភ្លើងឆាបឆេះម៉ាស៊ីនខាងស្ដាំ ខណៈទើបតែហោះចេញពីព្រលានមិនទាន់បានប៉ុន្មាន។
យន្តហោះ Airbus A320 នៃជើងហោះហើរ Viva Aerobus បានធ្វើការហោះចេញពីក្រុង Guadalajara ប្រទេសមិកស៊ិក នាយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ ឆ្ពោះទៅកាន់ក្រុង Los Angeles សហរដ្ឋអាមេរិក។ យន្តហោះមួយគ្រឿងនេះដែរ ផ្ទុកអ្នកដំណើរសរុបចំនួន ១៨៦ នាក់។
ហោះចេញពីព្រលានបានប្រមាណត្រឹម ១០ នាទី អ្នកដំណើរក៏បានឮសូរសំឡេងលាន់ផាំង ក្រោយមកក៏ឃើញអណ្ដាត និង ផ្កាភ្លើងបែកព្រាកៗចេញពីម៉ាស៊ីនខាងស្ដាំរបស់យន្តហោះ។ អ្នកដំណើរនាំគ្នាភ័យស្លន់ស្លោ ហើយក៏បានទៅប្រាប់បុគ្គលិកលើយន្តហោះភ្លាមៗ ខណៈយន្តហោះស្ថិតលើអាកាសកម្ពស់ ៤ ពាន់ម៉ែត្រទៅហើយនោះ។
ជាសំណាងល្អ អ្នកបើកបរយន្តហោះ ប្រតិកម្មឆ្លើយតបទាន់ពេលវេលា ដោយបានធ្វើការបកយន្តហោះភ្លាមៗ និង ចុះចតនៅព្រលានក្រុង Guadalajara វិញដោយសុវត្ថិភាព៕