ក្រុមហ៊ុន សាមសុង បានណែនាំកម្មវិធី «Samsung Innovation Campus» ដើម្បីផ្តល់ឱ្យយុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាព និង ឱកាសការងារនាពេលអនាគត
សាមសុង ធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ ដើម្បីបើកដំណើរការកម្មវិធីអប់រំ ICT នៅកម្ពុជា។
(ភ្នំពេញ) ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន សាមសុង បានធ្វើការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងនូវកម្មវិធី Samsung Innovation Campus ដែលជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) យុវជន។
ក្នុងកម្មវិធីនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារា រដ្ឋមន្រ្តីអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តមបណ្ឌិត ជេត ជាលី សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ, លោក Hark Kyu Park ប្រធានគ្រប់គ្រងសាជីវកម្មសាមសុងពិភពលោក, អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិចត្រូនិចប្រចាំទ្វីបអាស៊ី និង អូសេអានី រួមជាមួយគណអធិបតី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ និង និស្សិតជាង ៣០០ នាក់ ចូលរួមក្នុងពិធីនេះ។
សូមបញ្ជាក់ថា កម្មវិធី Samsung Innovation Campus ដែលមានដំណើរការនៅទូទាំងពិភពលោក គឺជាកម្មវិធីផ្តល់នូវការអប់រំលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដល់និស្សិតនិង យុវជនដែលគ្មានការងារធ្វើជាច្រើន។ ក្រៅពីជំនាញចម្បងៗដូចជា AI, IoT, Big Data, Coding និង programming, កម្មវិធី Samsung Innovation Campus ក៏បានបណ្តុះបណ្តាលជំនាញផ្នែកទន់ជាច្រើនដល់យុវជន ដើម្បីជំរុញយុវជនឱ្យកាន់តែមានទេពកោសល្យដែលនាំការរីចម្រើនដល់សង្គមនាពេលអនាគត។
ក្នុងកម្មវិធីនេះដែរ ឯកឧត្តម ឈួន ដារា រដ្ឋមន្រ្តីអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានមានប្រសាសន៍ដែរថា ៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈដឹកនាំ និង សាស្ត្រាចារ្យនៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និង ក្រុមហ៊ុន សាមសុង ដែលបានសហការគ្នាបង្កើតកម្មវិធីនវានុវត្តន៍នេះឡើង ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សាជូននិស្សិតកម្ពុជា ជាជំនួយបំពេញបន្ថែមលើកម្មវិធីសិក្សាដែលមានស្រាប់។ នេះពិតជាមានន័យធំធេងសម្រាប់សិស្សនិស្សិតកម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនលើវិស័យឌីជីថល និង ព័ត៌មានវិទ្យា ដើម្បីដើរឱ្យទាន់សម័យកាលថ្មីមួយ ដែលពិភពលោកទាំងមូលកំពុងប្រើប្រាស់ជាឧបករណ៍ដើម្បីកំណើន សេដ្ឋកិច្ច និង ធានាប្រសិទ្ធភាពការងារក្នុងបរិបទឌីជីថលនេះ។ តាមព័ត៌មានដែលទទួលបានពីក្រុមហ៊ុន សាមសុង នៅទីនេះ បានឱ្យដឹងថា កម្មវិធី Samsung Innovation នេះ ត្រូវបានរៀបចំឡើងនៅប្រទេសជាច្រើនជុំវិញពិភពលោក រាប់ទាំងប្រទេសអភិវឌ្ឍន៍មួយចំនួននៅអឺរ៉ុប និង អាស៊ីផងដែរ។ ខ្ញុំមានសុទិដ្ឋិនិយមថា ការអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថល និង បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) នឹងមានសន្ទុះទៅមុខមួយកម្រិតទៀតនាពេលខាងមុខ»។
ទន្ទឹមនេះ ឯកឧត្តម ឈួន ដារា រដ្ឋមន្រ្តីអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញចំណាប់អារម្មណបន្ថែមទៀតថា ៖ «ខ្ញុំមានសេចក្តីរីករាយ សូមចូលរួមអបអរសាទរ និង ធ្វើជាសាក្សីចំពោះការចុះអនុស្សរណៈយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ក្រុមហ៊ុន សាមសុង ក្នុងការដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សានវានុវត្តន៍តាមបែបសម័យទំនើបនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជាថ្នាលបណ្តុះសិស្សនិស្សិតកម្ពុជា ឲ្យចាប់យកជំនាញពីវិស័យបច្ចេកវិទ្យាឌីជីថល និង ទំនាក់ទំនង ព័ត៌មានវិទ្យា (ICT) ដើម្បីដើរឱ្យទាន់របត់នៃបដិវត្តឧស្សាហកម្ម ៤០»។
ជាមួយគ្នានោះដែរ លោក Hark Kyu Park ប្រធានគ្រប់គ្រងសាជីវកម្មសាមសុងពិភពលោក ក៏បានឱ្យដឹងដែរថា ៖ «ពិធីចុះហត្ថលេខានេះ ធ្វើឡើងចំពេលដ៏អស្ចារ្យមួយគឺជាខួបអនុស្សាវរីយ៍លើកទី ២៥ ឆ្នាំ ២០២២ នៃការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយមានភាពកាន់តែច្បាស់លាស់មួយទៀតគឺ កិច្ចសហប្រតិបត្តិនៅក្នុងវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជា ជននៃប្រទេសទាំងពីរ។ ជាង ២៥ ឆ្នាំមកហើយ ដែលព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ បានបង្កើតឲ្យមានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងទ្វេភាគី។ ពួកយើងបានធ្វើឲ្យមានភាពស៊ីជម្រៅក្នុងវិស័យផ្សេងៗដូចជា៖ វិស័យនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍន៍ និង វប្បធម៌»។
លោក Hark Kyu Park បានបន្តទៀតថា ៖ «ចំណងសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និង កូរ៉េបានបំបែកកំណត់ត្រាថ្មីគឺនៅក្នុងតួលេខជាងមួយពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និង កូរ៉េគឺត្រូវបានចុះហត្ថលេខានាខែតុលាក្នុងឆ្នាំមុន។ លើសពីនេះសាធារណៈរដ្ឋកូរ៉េគឺបានជាប់ចំណាត់ថ្នាក់ជាអ្នកវិនិយោគធំបំផុតទី ២ នៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះក្រុមហ៊ុនកូរ៉េនានាក្នុងប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុកដោយបានបង្កើតឱកាសការងារសម្រាប់ប្រជាជនប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែក សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗដូចជា៖ វិស័យអប់រំ សុខភាពសាធារណៈ និងបរិស្ថាន ទៀតផង»។
ក្រោយពីបញ្ចប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា លោក Hark Kyu Park ក៏បានធ្វើការទស្សនៈកិច្ចមជ្ឈមណ្ឌល Samsung Innovation Campus ដែលនឹងធ្វើការបើកដំណើរការចាប់ពីខែកញ្ញា ខាងមុខនេះតទៅ និង បានសំណេះសំណាលជាមួយ ឯកឧត្តម ឈួន ដារា អំពីសារសំខាន់នៃការពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា លើវិស័យបច្ចេកវិទ្យា និង ជាអ្នកដឹងនាំនាពេលអនាគតផងដែរ។ បន្ថែមពីនេះ លោក Hark Kyu Park ក៏បានធ្វើការណែនាំពីគុណសម្បត្តិនៃទីក្រុង ប៊ូសាន ដែលត្រូវជាម្ចាស់ផ្ទះសម្រាប់ពិព័រណ៍ពិភពលោក World Expo 2030 ផងដែរ។
គួររំលឹកផងដែលថា ក្រុមហ៊ុន Samsung ជាសមាជិកសកម្មផ្នែកឯកជននៃគណៈកម្មាធិការប្រជែងធ្វើជាម្ចាស់ផ្ទះ World Expo 2030 បានធ្វើសកម្មភាពយ៉ាងផុសផុលនៅជុំវិញពិភពលោក ដើម្បីឱ្យទីក្រុងប៊ូសាន ក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះ។
អំពី Samsung Electronics Co., Ltd.
Samsung ជំរុញលើកទឹកចិត្តដល់ពិភពលោក និង រៀបចំអនាគតថ្មីមួយ ជាមួយនឹងការផ្លាស់ប្តូរគំនិត និង បច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងពង្រឹងនិងកែប្រែឲប្រសើរឡើងនូវពិភពទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាតវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, អង្គចងចាំ memory, ប្រព័ន្ធ LSI, foundry and LED Solution ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com