អាយុ ៨៣ ឆ្នាំ តារាជើងចាស់ Pisamai ទម្លាយអាថ៌កំបាំងពីក្រោយសម្រស់ កម្លាំងមាំមិនចាញ់ក្មេង
ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់ស្គាល់មកហើយនូវកំពូលតារាសម្តែងស្រីជើងចាស់ Pisamai Wilaisak ដែលតែងតែលេចមុខមិនដែលដាច់នៅក្នុងរឿងភាគថៃល្បី ភាគច្រើនដើរតួជាជីដូន និង ម្តាយយ៉ាងស័ក្តិសម ធ្វើឱ្យមហាជននឹកសរសើសឹងគ្រប់គ្នា។
យ៉ាងណាមិញ មកទល់ពេលនេះតារាស្រីជើងចាស់រូបនេះ មានអាយុជាង ៨២ ឆ្នាំទៅហើយ ប៉ុន្តែមើលទៅលោកស្រីហាក់នៅរឹងមាំមានសុខភាពល្អណាស់ គឺទាំងកម្លាំងកំហែង និង សម្រស់ផងដែរ។ ជាពិសេសគឺលោកស្រីនៅមានការចងចាំល្អណាស់ អាចនៅធ្វើសកម្មភាពផ្សេងៗបានជាច្រើន ពោលគឺអាចនៅសម្តែងបាន ព្រមទាំងអាចនៅបើកឡានទៅណាទៅណីដោយខ្លួនឯងថែមទៀតផង។
ទាក់ទងនឹងរឿងនេះ លោកស្រី Pisamai ផ្ទាល់ ក៏បានចេញមុខមកបកស្រាយ និង ទម្លាយពីអាថ៌កំបាំងក្នុងការថែរក្សាសុខភាព និង សម្រស់របស់ខ្លួន ឱ្យទៅមហាជនអ្នកគាំទ្របានដឹងផងដែរ។
លោកស្រីបានឱ្យដឹងថា តាមពិតវាគ្មានអ្វីច្រើននោះទេ គ្រាន់តែធ្វើចិត្តឱ្យសប្បាយៗ កុំឱ្យស្ត្រេស ត្រូវរៀនចេះបណ្តោយអារម្មណ៍ខ្លះ កុំរើសមកដាក់ខ្លួនច្រើនពេក។ គ្រប់យ៉ាងវានៅលើចិត្តយើងនេះឯង ត្រូវរៀនទទួលការពិត និង មានភាពទទួលខុសត្រូវ។
សម្រាប់រឿងស្បែកមុខវិញ លោកស្រីក៏បានឱ្យដឹងថា ខ្លួនមិនបានទៅកែមុខកែមាត់អីនោះទេ ហើយក៏មិនចង់ដែរ ដោយខ្លួនប្រើតែពពួកគ្រីមជំនួយស្បែកមុខតែប៉ុណ្ណោះ ហើយពេលខ្លះក៏ឆ្លៀតម៉ាស្សាមុខដោយខ្លួនឯង រួចយករបស់ត្រជាក់ៗមកស្អំមុខឱ្យស្រស់ស្រាយប៉ុណ្ណេះឯង។
ចំណែករឿងសុខភាពវិញ លោកស្រីជាមនុស្សមើលថែខ្លួនឯងណាស់ កើតអីបន្តិចបន្តួចគឺស្ទុះទៅរកពេទ្យភ្លាម មិនចេះលេបថ្នាំផ្តេសផ្តាសឡើយ ហើយមកទល់ពេលនេះ លោកស្រីនៅតែជួបពេទ្យ ៣ ខែម្តងផងដែរ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជាសរសើរតារាស្រីជើងចាស់រូបនេះណាស់ ហើយគេក៏សង្ឃឹមថា លោកស្រីនៅតែអាចលេចមុខនៅក្នុងរឿងភាគបន្តៗដូចគ្នា៕