សក្តិ សក្ការៈបុប្ផា តួស្រី «ផ្កាស្រពោន» បាត់ពីសិល្បៈ កំពុងសំងំសាងគ្រួសារយ៉ាងមានសុភមង្គល
ប្រិយមិត្តចាំមិនខានពីអតីតតារាស្រីសម័យចុងឆ្នាំ ៨០ រហូតដល់ដើមឆ្នាំ ២០០០ ជាង គឺអ្នកនាង សក្តិ សក្ការៈបុប្ផា ដោយអតីតតារាស្រីរូបនេះ ត្រូវបានគេដាក់រហស្សនាមឱ្យថាជា ទិត្យ វិជ្ជរ៉ាដានី ទី ២ ព្រោះមានមុខស្រដៀងគ្នា។
គេនៅចាំបានថា កាលពីជំនាន់អតីតតារាស្រី សក្តិ សក្ការៈបុប្ផា បានប្រឡូកក្នុងសិល្បៈនោះ នាងបានចូលរួមសម្តែងក្នុងរឿងជាច្រើន ហើយរឿងទាំងនោះសុទ្ធសឹងតែទទួលបានការគាំទ្រខ្ពស់ ជាក់ស្តែងដូចជា រឿង «ដែកជោដំឌិន» ឬ រឿង «ផ្កាស្រពោន» ជាដើម។
ក្រោយពីកំពុងល្បីល្បាញ ស្រាប់តែនៅឆ្នាំ ២០០៦ អតីតតារាស្រីដ៏មានទេពកោសល្យ និង មានសម្រស់ផូរផង់នេះ ក៏បានលាឈប់ពីសិល្បៈ និង បានបាត់មុខរហូតដល់សព្វថ្ងៃ។ យាងណាមិញ កាលពីប៉ុន្មានឆ្នាំមុនគេបានទទួលដំណឹងថា ទោះបីអតីតតារាស្រីរូបនេះបានសម្រេចលាឈប់ពីសិល្បៈក្តី ប៉ុន្តែអ្នកនាងមិនបានឃ្លាតទៅណាឆ្ងាយដែរ ដោយអ្នកនាងមានការងារជាអ្នកបញ្ចូលសំឡេងឱ្យផលិតកម្ម BS។ ឃ្លាតពីសិល្បៈច្រើនឆ្នាំ គេក៏បានដឹងទៀតថា អតីតតារាសម្តែង សក្តិ សក្ការៈបុប្ផា បានរៀបការសាងគ្រួសារ និង រស់នៅយ៉ាងមានសុភមង្គល ដោយបច្ចុប្បន្នតាមការដឹងនោះ អ្នកនាងមានកូន ៣ នាក់។
គួរឱ្យដឹងដែរថា អតីតតារាសម្តែង សក្តិ សក្ការៈបុប្ផា បានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មភាពយន្ត តាំងពីអាយុ ៩ ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ ១៩៨៩ ហើយខ្សែភាពយន្តដំបូងដែលអតីតតារាស្រីរូបនេះបានសម្តែងមានចំណងជើងថា «ស្នេហាព្រហ្មលិខិត» ដោយបានថតនៅជុំរុំសាយបុី ផលិតឡើងនៅក្នុងឆ្នាំ ១៩៨៩ ដែលរឿងហ្នឹងនិយាយអំពីជនភៀសខ្លួនរត់ឆ្លងដែន ហើយកាលណោះអ្នកនាងជាអ្នកសុរិន្ទ ក្រោយមកអ្នកនាងបានវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ ១៩៩៤។
នេះជាស្នាដៃក្នុងខ្សែភាពយន្ត ដែលអ្នកនាងបានថតសម្តែងមានដូចជា រឿង «ស្នេហាព្រហ្មលិខិត» ថតនៅជុំរុំសាយបុី ១៩៨៩, រឿង «ម៉ាក់ថើង» ១៩៩៤, រឿង «តេជោដំឌិន» ២០០០, រឿង «ជ្រោះស្នេហ៍ពេជ្រនិល» ២០០២, រឿង «ភូមិតិរច្ឆាន» ២០០៤, រឿង «ផ្កាស្រពោន» ២០០៥ និង មានរឿងជាច្រើនទៀត ដែលអ្នកនាងបានថតឱ្យផលិតកម្មក្រៅស្រុក និង ថតចម្រៀងកាយវិការជាច្រើនបទផងដែរ៕
ប្រភព ៖ Movie star Research