នៅស្រីលង្កា ឡានបន្តកន្ទុយគ្នារាប់គីឡូម៉ែត្រចាំចាក់សាំង ខណៈប្រេងក្នុងស្តុកសល់មិនដល់សម្រាប់ប្រើមួយថ្ងៃ
ក្រសួងថាមពលរបស់ប្រទេសស្រីលង្កា បានថ្លែងថា ក្នុងប្រទេសឥលូវកំពុងប្រឈមហានិភ័យខ្ពស់ ខណៈប្រេងសាំងដែលនៅសល់ គឺមានតិចតួចខ្លាំងមិនគ្រាន់សម្រាប់ប្រើប្រាស់មួយថ្ងៃផង។
ថ្មីៗនេះ រថយន្តពលរដ្ឋជាច្រើនបានតម្រង់ជួរគ្នារាប់គីឡូម៉ែត្រពាសពេញក្រុង Colombo ប្រទេសស្រីលង្កា ដើម្បីចាំចាក់ហ្គាស និង សាំង បើទោះបីជាដឹងថា ស្ថានីយប្រេងឥន្ធនៈជាច្រើនគ្មានសាំងសម្រាប់ចាក់ច្រើនថ្ងៃក៏ដោយ។
តាមសម្ដីលោក Kanchana Wijesekera រដ្ឋមន្ត្រីក្រសួងថាមពល បានបញ្ជាក់ថា ស្តុកប្រេងសាំងក្នុងប្រទេសបច្ចុប្បន្ន គឺមានប្រមាណ ៤ ពាន់តោន ដែលចំនួននេះ គឺតិចជាងចំនួនប្រើប្រាស់ប្រចាំថ្ងៃក្នុងប្រទេសទៅទៀត។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងក្រុង Colombo កាលពីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ រដ្ឋមន្ត្រីរូបនេះ បានឱ្យដឹងថា ៖ «កប៉ាល់ដឹកជញ្ជូនប្រេងបន្ទាប់ គឺរំពឹងទុកថានឹងមកដល់ថ្ងៃទី ២២ ឬ ២៣ ខែកក្កដាខាងមុខ។ ពួកយើងបានធ្វើការទាក់ទងជាមួយអ្នកផ្គត់ផ្គង់របស់យើងរួចហើយ ប៉ុន្តែយើងមិនអាចធានាថា ប្រេងនឹងមកដល់មុនថ្ងៃទី ២២ នោះឡើយ»។
គួររំឭកថា កាលពីសប្ដាហ៍មុន ប្រទេសស្រីលង្កា បានធ្វើការប្រកាសផ្អាកលក់ប្រេងសាំងរយៈពេល ២ សប្ដាហ៍ជូនពលរដ្ឋទូទៅ លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ដើម្បីជាការសន្សំសំចៃប្រេង ទុកសម្រាប់ប្រើប្រាស់ករណីបន្ទាន់៕