មហាជនដែលនិយមចូលចិត្តតាមដានការងារសង្គម និង បទចម្រៀង Original Song ប្រាកដជាបានស្គាល់ហើយ នូវតារាចម្រៀងសំនៀងផ្អែម កូនកាត់ខ្មែរ-ឡាវ លោក អ៊ួន បឋម ហៅ សាយ។
កំលោះសង្ហារូបនេះមិនត្រឹមតែមានឈ្មោះបោះសំឡេងលើវិស័យសិល្បៈតែប៉ុណ្ណោះទេ លោកថែមទាំងទទួលបានកេរ្តិ៍ឈ្មោះល្បីក្នុងការងារសង្គមផងដែរ មានជាអាទិ៍ដូចជា កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ» ឬ «Run With Sai» ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលបានប្រារព្ធធ្វើឡើងអស់រយៈពេល ២ ឆ្នាំកន្លងទៅនេះ។
លើសពីនេះទៅទៀតនោះ នៅដើមឆ្នាំ ២០២២ នេះ លោក សាយ ក៏បានក្តោបតំណែងជាទូតសុឆន្ទៈនៃយុទ្ធនាការ «តាមដងទន្លេងមេគង្គជាមួយ សាយ» ដែលរៀបចំឡើងដោយអង្គការ Oxfarm និង ដៃគូជំនួយមួយចំនួនទៀត ក្នុងគោលបំណងលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ជួយដល់ជីវភាពរស់នៅរបស់សហគមន៍ ដែលងាយរងគ្រោះដោយសារផលប៉ះពាល់នៃការផ្លាស់ប្តូររំហូរទឹក និង ការគំរាមកំហែងនៃការកើនឡើងដល់សន្តិសុខស្បៀង នៅតាមដងទន្លេមេគង្គ។
យ៉ាងណាមិញ កម្មវិធីមហាស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី ១១ បានប្រារព្ធឡើងកាលពីថ្ងៃទី ៣០ ខែមិថុនាកន្លងទៅនេះ គេបានសង្កេតឃើញមានការចូលរួមយ៉ាងច្រើនកុះករពីមហាជននានា ទាំងជាតិ និង អន្តរជាតិ។ មិនតែប៉ុណ្ណោះ គេក៏បានឃើញមានវត្តមានលោក សាយ ក៏បានចូលរួម ថែមទាំងទទួលបានរង្វាន់ពីកម្មវិធីមួយនោះផងដែរ។
យោងតាមគណនីបណ្ដាញសង្គមរបស់ សាយ បានឱ្យដឹងថា លោកបានឈ្នះពានរង្វាន់មួយដែលមានឈ្មោះថា «Beautiful planet» ក្នុងផ្នែក «Mekong Discovery Days» ពីមហាស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី ១១ ជាមួយនឹងយុទ្ធនាការថ្មីរបស់លោកគឺ កម្មវិធី «តាមដងទន្លេមេគង្គជាមួយ សាយ»។
គួរឱ្យដឹងផងដែរថា តាមការរៀបរាប់របស់លោក សាយ ក្នុង Caption នោះបានបន្ថែមឱ្យដឹងថា វីដេអូទាំងនោះគឺជាវីដេអូបែបឯកសារ ដែលនិយាយអំពីដំណើររបស់លោកក្នុងការឆ្លងកាត់តាមដងទន្លេមេគង្គ ហើយជួបជាមួយនឹងបងប្អូនដែលរស់នៅតាមដងទន្លេ ព្រមទាំងស្វែងយល់អំពី វប្បធម៌ ប្រពៃណី របៀបរបបការរស់នៅ និង បញ្ហាផ្សេងៗដែលពួកគេទាំងនោះកំពុងជួបប្រទះ ជាពិសេសគឺបងប្អូនជនជាតិដើមភាគតិច។
ទន្ទឹមនឹងនេះផងដែរ សម្រាប់មហាជនដែលមានបំណងចង់ទស្សនាវីដេអូមួយនោះ នឹងមានចាក់បញ្ចាំងនៅឯមហោស្របចតុមុខ នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២២ នេះ ចាប់ពីម៉ោង ២ រសៀលតទៅ៕