ឃ្លាតគ្នាលែងត្រឡប់ហើយ! សុវត្ថិឌី ធារិកា យំទន់ខ្លួនធ្វើចិត្តមិនបាន ខណៈមួយប៉ប្រិចភ្នែកបាត់បង់ឪពុកម្តាយ ក្លាយជាកូនកំព្រា
កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជន និង បណ្តាអ្នកសិល្បៈបានរន្ធត់ចិត្ត ស្រណោះស្រណោកយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា តារាចម្រៀងស្រីមាឌតូចល្អិត សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតឪពុកម្តាយជាទីស្រឡាញ់ព្រមគ្នា ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ក្រឡាប់ឡាន ពេលធ្វើដំណើរត្រឡប់ពីខេត្តព្រះវិហារ ស្ថិតនៅត្រង់ចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ក្នុងស្រុកឆែប។
មកដល់ពេលនេះដែរ សពឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកបញ្ជូនមកដល់ភ្នំពេញហើយ និង បានកំពុងរៀបចំធ្វើបុណ្យតាមបវេណីនៅឯទីវត្តស្ទឹងមានជ័យ ដោយមានការចូលរួមរំលែកទុក្ខយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ និង បណ្តាមិត្តសិល្បៈ ដោយម្នាក់ៗហាក់សង្វេគអាណិតខ្លាំងចំពោះការឈឺចាប់មិនអាចកាត់ថ្លៃបានរបស់តារាចម្រៀងស្រីរូបនេះ។
ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ក្រឡាប់ឡានបណ្តាលឱ្យឪពុកម្តាយតារាចម្រៀង សុវត្ថឌី ធារិកា បាត់បងជីវិតនេះដែរ បានធ្វើឱ្យតារាចម្រៀងស្រីមាឌល្អិតរូបនេះ ក្តុកក្តួលអួលណែន ខ្លោចផ្សាចិត្ត និង ទទួលយកមិនបានឡើង ព្រោះថាត្រឹមរយៈពេលមួយប៉ប្រិចភ្នែកសោះ មនុស្សជាទីស្រឡាញ់ដល់ទៅពីររូប បានចាកចេញទៅព្រមគ្នាគ្មានថ្ងៃនឹងវិលមកជួបគ្នា ញញឹមដាក់គ្នា និង បង្កើតសុភមង្គលរួមគ្នាក្នុងគ្រួសារទៀត។
ស្របគ្នានេះដែរ តារាចម្រៀង សុវត្ថិឌី ធារិកា ក៏បានប្រាប់ឱ្យដឹងពីមូលហេតុដែលបណ្តាលឱ្យឪពុកម្តាយខ្លួនបាត់បង់ជីវិតភ្លាមៗដែរថា ៖ «ដើមឡើយ នៅពេលក្រុមគ្រួសារនាងធ្វើដំណើរត្រឡប់មកពីខេត្តព្រះវិហារ តាមផ្លូវមានសភាពរអិល ធ្វើឱ្យឪពុករបស់នាងជ្រុលចង្កូតម្ដងហើយ ទើបរូបនាងប្រាប់ឪពុកថាឱ្យឈប់សិន ទើបឪពុកតបថា មិនអីទេផ្លូវរអិល។ រួចក៏ចុះចាក់សាំងសិន បន្ទាប់មកចេញពីកន្លែងចាក់សាំងបានត្រឹមតែ ៥ នាទី ក៏ស្រាប់តែរអិលទៅម្ដងទៀត ទើបឪពុកនាងកាច់ចង្កូតទៅខាងស្ដាំ ចូលប្រឡាយតែម្ដង។ ពេលនោះ ប្អូននាងបានចុចកញ្ចក់លូនចេញពីឡាន ទាញរូបនាងចេញ ខណៈជួយឪពុកម្ដាយមិនបាន ដោយសារតែជាប់ Lock នៅក្នុងឡាន រហូតបណ្ដាលឱ្យអ្នកមានគុណទាំងពីរ បាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ»។
យ៉ាងណាមិញ ក្រោយតារាចម្រៀង សុវត្ថិឌី ធារិកា ជួបរឿងឈឺចាប់បាត់បង់ជីវិតឪពុកម្តាយត្រឹមមួយប៉ប្រិចភ្នែកនេះ បានធ្វើឱ្យមហាជន និង បណ្តាមិត្តអ្នកសិល្បៈជាច្រើន បានស្លុតរន្ធត់ចិត្ត នឹកស្រណោះជាអនេក លាយឡំនឹងការពោលពាក្យអាណិតអាល័យដល់តារាស្រីរូបនេះជាខ្លាំង។ ក្នុងនោះពួកគេក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ហើយថែមទាំងបានស្រុះដៃគ្នាជួយដល់ការចាត់ចែងក្នុងពិធីបុណ្យសពឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា នៅឯវត្តស្ទឹងមានជ័យទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖