ក្រុមហ៊ុន សាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ចែករំលែកក្តីស្រឡាញ់ផ្តល់សម្ភារសិក្សា និង បំពាក់គ្រឿងបរិក្ខារអេឡិចត្រូនិកដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត!
(ភ្នំពេញ) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ៖ ដោយសារតែក្តីស្រឡាញ់ និង ការយកចិត្តទុកដាក់មិនចេះសាបសូន្យចំពោះអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និង ជាធនធានដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួនដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន 500 នាក់ និង រចនា
បណ្ណាល័យឱ្យមានភាពទាក់ទាញថ្មី (Renovate) ដោយបន្ថែមសៀវភៅក្នុងបណ្ណាល័យចំនួន 400 ក្បាល ព្រមទាំងបំពាក់គ្រឿងបរិក្ខារ និង បរិក្ខាអេឡិចត្រូនិកមួយចំនួនជូនដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សកម្មភាពសប្បុរសធម៌នេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការសប្បុរសធម៌ចម្បង «Love & Care» របស់ក្រុមហ៊ុន សាមសុង។ ហើយគោលបំណងចម្បងបំផុតនៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និង ក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និង ធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និង ពលរដ្ឋល្អសម្រាប់ប្រទេសជាតិប៉ុណ្ណោះ។
ក្រៅអំពីការបរិច្ចាគនូវកញ្ចប់សម្ភារសិក្សា និង រចនាបណ្ណាល័យឱ្យមានភាពទាក់ទាញពោរពេញដោយផាសុកភាពជាមួយនឹងបរិក្ខារអេឡិចត្រូនិកដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននាពេលនេះ ក្រុមហ៊ុនក៏បានធ្វើការលើកទឹកចិត្ត និង ក្រើនរំឭកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តខិតខំផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្ស និង បន្តរក្សាអនាម័យ និងអនុវត្តវិធានការ 3 កុំ 3 ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។
លោកនាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ៖ «ការផ្តល់ជូននូវផលិតផល សាមសុង ដែលមានគុណភាពខ្ពស់បំផុតជូនមនុស្សជាតិគឺជារឿងដ៏សំខាន់បំផុតស្របតាមចក្ខុវិស័យ និង ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ប៉ុន្តែការផ្តល់នូវក្តីស្រឡាញ់ និង យកចិត្តទុកដាក់លើសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការអាជីវកម្ម ជាពិសេសការអភិវឌ្ឍន៍វិស័យធនធានមនុស្សក៏ជាកត្តាអាទិភាពដែលមិនអាចខ្វះបានផងដែរ»។
ជាមួយគ្នានេះដែរ លោក សាំង នី នាយកសាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ក៏បានមានប្រសាសន៍ដែរថា ៖ «ក្រោយពីមានការរីករាលដាលវិបត្តិសកល និង ឧបសគ្គយ៉ាងណាក្តីក៏ថ្នាក់ដឹកនាំ សាលា លោកគ្រូ អ្នកគ្រូ និង ជាពិសេសក្រុមហ៊ុន សាមសុង កម្ពុជា មិនដែលភ្លេច និង តែងតែយកចិត្តទុកដាក់ក្នុងការជួយជំរុញដល់វិស័យធនធានមនុស្សជាពិសេសសម្រាប់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីស្នូលដ៏សំខាន់សម្រាប់ប្រទេសជាតិ»។
បន្ថែមពីនេះដែរ លោក គីម យ៉ុងហូ ប្រធានគ្រប់គ្រងនៃអង្គការ Good Neighbors ក៏បានមានប្រសាសន៍ផងដែរថា ៖ «នេះមិនមែនជាលើកទី 1 ទេដែលបានឃើញក្រុមហ៊ុន សាមសុង កម្ពុជា ធ្វើការចែករំលែកនូវក្តីស្រឡាញ់ និង ការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យអប់រំ និង ធនធានមនុស្សតាមរយៈយុទ្ធនាការសប្បុរសធម៌របស់ខ្លួនស្របគ្នាជាមួយនឹងចក្ខុវិស័យអង្គការ Good Neighbors ដោយផ្តោតសំខាន់ជំរុញការអប់រំលើកុមារ អភិវឌ្ឍសហគមន៍ និង លើកម្ពស់បញ្ហាសុខភាពជាដើម»។
ជាចុងក្រោយអ្វីដែលក្រុមហ៊ុន សាមសុង ធ្វើនាពេលនេះគឺគ្រាន់តែចង់ឃើញ និង ចង់ឱ្យសិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សា មានការតស៊ូ មានក្តីសង្ឃឹមក្នុងជីវិត និង ជាពិសេសផ្តល់នូវផលវិជ្ជមានទៅដល់សហគមន៍ ដល់សង្គម និង ដល់ប្រទេសកម្ពុជាវិញប៉ុណ្ណោះ៕