កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ខេមឡៃហ្វ និង ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់កិច្ចការពារហិរញ្ញវត្ថុដល់អតិថិជន
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ទី ៦ មេសា ២០២២ សណ្ឋាគារ កាំបូឌីយ៉ាណា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា «ខេមឡៃហ្វ» ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលទទួលបានពានរង្វាន់ជ័យលាភីក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២១ ពីស្ថាប័ន CFI.co ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស និង ធនាគារ ហត្ថា ម.ក ដែលជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានចុះកិច្ចព្រមព្រៀងអាជីវកម្មប៊េងការសួរេន ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈការបង្កើនលទ្ធភាពឱ្យអតិថិជន ធនាគារ ហត្ថា និង សាធារណជនទទួលបានសេវាធានារ៉ាប់រង និង ពង្រឹងកិច្ចការពារអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះគឺស្របតាមយុទ្ធសាស្ត្រប៊េងកាសួរេនរបស់ក្រុមហ៊ុន ខេមឡៃហ្វ និង ធនាគារ ហត្ថា ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជាឱ្យយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងចំពោះ សុវត្ថិភាពហិរញ្ញវត្ថុ សុខភាព និង សុខុមាលភាព។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យទីប្រឹក្សាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ខេមឡៃហ្វ ផ្តល់ជូនការប្រឹក្សា ការណែនាំនូវដំណោះស្រាយ និង កិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និង ប្រសិទ្ធភាពជូនដល់អតិថិជន។
លោក Johnson Chai អគ្គនាយកក្រុមហ៊ុន ខេមឡៃហ្វ មានប្រសាសន៍ថា ៖ «យើងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលក្លាយជាដៃគូយុទ្ធសាស្ត្រធានារ៉ាប់រងថ្មីរបស់ ធនាគារ ហត្ថា។ យើងមានការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍផលិតផលធានារ៉ាប់រងខ្នាតតូចបន្ថែមទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនធនាគារដែលមានចំណូលទាប និង មធ្យមក្នុងគោលបំណងដើម្បីឱ្យពួកគាត់រស់នៅប្រកបដោយសុខុមាលភាពល្អប្រសើរជាមួយនឹងសុវត្ថិភាពហិរញ្ញវត្ថុ និង ភាពកក់ក្តៅក្នុងចិត្តដោយដឹងថាក្រុមហ៊ុន ខេមឡៃហ្វ តែងតែការរពារពួកគាត់គ្រប់ពេលវេលា។ ដើម្បីបំពេញតាមការសន្យារបស់យើងក្នុងការចូលរួមជំរុញឱ្យមានភាពរីកចម្រើនក្នុងវិស័យធានារ៉ាប់រង ធនាគារ ហត្ថា និង ក្រុមហ៊ុន ខេមឡៃហ្វនឹងសហការគ្នាឱ្យអស់ពីលទ្ធភាពក្នុងការស្វែងយល់ឱ្យច្បាស់អំពីតម្រូវការរបស់អតិថិជនដើម្បីធ្វើការបម្រើសេវាឱ្យបានចំគោលដៅកាន់តែមានប្រសិទ្ធភាព និងបង្កើនភាពសម្បូរបែបនៃបណ្តាញចែកចាយក៏ដូចជាបង្កើនចំនួនអតិថិជនសម្រាប់ស្ថាប័នរបស់យើង»។
លោកឧកញ៉ា ហ៊ួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា មានប្រសាសន៍ថា ៖ «បន្ទាប់ពីបានបម្រើសេវាហិរញ្ញវត្ថុនៅកម្ពុជាអស់រយៈកាល ៣ ទសវត្សរ៍កន្លងមក ធនាគារ ហត្ថា សម្រេចបាននូវនូវសមិទ្ធផលយ៉ាងល្អគាប់ជាច្រើនក្នុងនោះរាប់បញ្ចូលទាំងភាពងាយស្រួលការប្រើប្រាស់សេវាឌីជីថល និង ការបម្រើសេវាដោយផ្ទាល់ពីបុគ្គលិករបស់យើងយ៉ាងទូលំទូលាយទូទាំងប្រទេសតាមរយៈសាខាទាំង ១៧៧ ការផ្តល់ជូននូវអត្រាការប្រាក់ដែលមានប្រកួតប្រជែងខ្ពស់លើទីផ្សារ និង ការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលប្រកបដោយទំនុកចិត្តខ្ពស់។ នៅថ្ងៃនេះ យើងនឹងពាំនាំនូវការផ្តល់ជូនថ្មីបន្ថែមទៀតសម្រាប់អតិថិជនរបស់យើងក្នុងការទទួលបាននូវជម្រើសកាន់តែប្រសើរ និង កក់ក្តៅក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈ ធនាគារ ហត្ថា និង ខេមឡៃហ្វ។ លោកបានបន្ថែមថា ការប្រើប្រាស់សេវាធានារ៉ាប់រងគឺត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយពីសំណាក់អ្នកជំនាញក្នុងការទទួលបាននូវការការពារ និង ធានាបាននូវភាពជោគជ័យប្រកបដោយស្ថិរភាពគ្រប់កាលៈទេសៈយ៉ាងល្អប្រសើរទាំងនៅក្នុងអាជីវកម្ម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រប់ក្រុមគ្រួសារ»។
ដើម្បីអបអរសាទរភាពជាដៃគូអាជីវកម្មនេះ សម្រាប់អតិថិជនរបស់ ធនាគារ ហត្ថា ទាំងអស់ដែលបានប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុន ខេមឡៃហ្វ ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ នឹងទទួលបានការបញ្ជុះតម្លៃពិសេស ១២% ភ្លាមៗ។
សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម និង ទទួលយកការផ្តល់ជូនពិសេសនេះទាំងអស់គ្នា!
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា «ខេមឡៃហ្វ» ម.ក
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា «ខេមឡៃហ្វ» ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងបំផុតដែលបានបើកដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលគ្រប់គ្រងដោយ អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុន ១០០% ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បច្ចុប្បន្ននេះ ខេមឡៃហ្វមិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី ១ ដែលចាប់ផ្ដើមដំណើរការរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រង និង ដំណើរការ ១០០% ដោយប្រជាជនកម្ពុជាមួយរូប។ ក្រុមហ៊ុនជឿជាក់ថានេះគឺជាអ្វីដែលប្រជាជនកម្ពុជាទាំងអស់អាចនឹងមានមោទកភាព។
លេខទូរស័ព្ទ ៖ ០៦១ ៤៣ ១១១១ ឬ ទំព័រហ្វេសប៊ុក ៖ CamlifeClub
អំពីធនាគារ ហត្ថា ម.ក
ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និង ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និង ដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមានដូចជា ៖ ការផ្ទេរប្រាក់ឆ្លងប្រទេសទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile និង សាខានានាទូទាំងប្រទេស សេវាទូទាត់តាម QR Code របស់ Hattha Mobile នៅប្រទេសថៃ ការដាក់ឱ្យប្រើប្រាស់ Hattha Smart Banking និង បានធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបើកដំណើរការផ្ទេរប្រាក់ឆ្លងធនាគារ (ប្រព័ន្ធបាគង) បានគ្រប់ទីកន្លែង គ្រប់ពេលវេលា (24/7) កាន់តែងាយស្រួល និង លឿនជាងមុន ដោយមិនចាំបាច់ទៅសាខាធនាគាដោយផ្ទាល់ និង សេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ដូចជា ៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និង ជាអ្នកណែនាំលក់សេវាធានារ៉ាប់រងផងដែរ។
លេខទូរស័ព្ទ៖ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)/ ០២៣ ៩៩៩ ២៦៦