អ្នកប្រើ I Phone គួរដឹង! ACCD ណែនាំ គួរកុំបើក AirDrop ចោល បើពុំត្រូវការប្រើប្រាស់ ចៀសវាងជួបបញ្ហាបែបនេះ
អ៊ែរដ្រប់ គឺជាកម្មវិធីមួយរបស់ iPhone ដែលអាចផ្ញើរូបភាព ឬវីដេអូរវាង iPhone មិនត្រឹមតែមានល្បឿនលឿន ថែមទាំងអាចរក្សាគុណភាពរបស់រូបភាពបានល្អដូចដើម ដោយមិនចាំបាច់មានសេវាអ៊ីនធឺណិត (WiFi ឬ 4G) ក្នុងចម្ងាយរហូតដល់ ៩ ម៉ែត្រ។
ដោយសារតែភាពងាយស្រួលនេះហើយ ទើបជនខិលខូចមួយចំនួន បានប្រើមុខងារនេះ ដើម្បីផ្ញើរូបភាពអាសអាភាស ក្នុងគោលបំណងរំខានអ្នកដ៏ទៃ ដែលគេហៅថា «Cyber Flashing»។
ដូច្នេះហើយ ទើបនៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានណែនាំ អ្នកប្រើ I Phone ដើម្បីចៀសវាងបញ្ហានេះ គួរតែបិទអ៊ែរដ្រប់ នៅពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់ ឬបើកសម្រាប់ឱ្យតែអ្នកនៅក្នុងបញ្ជីឈ្មោះអាចផ្ញើក៏បាន។
នេះជាវិធីដើម្បីបើក បិទកម្មវិធីអ៊ែរដ្រប់៖
១-ចូលទៅ Control Center (ចូលពី lock screen ក៏បាន) ដោយអូសពីលើចុះក្រោមនៅលើកញ្ចក់ ផ្នែកខាងស្ដាំ
២-ចុចសង្កត់ចំកណ្ដាលក្នុងការ៉េដំបូងគេ
៣-ចុចលើ AirDrop ហើយជ្រើសយកជម្រើសដែលលោកអ្នកចង់បាន៕
ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា