ចុកណាស់! អ្នកច្នៃឈុតម្នាក់ដាក់ធ្ងន់ៗ ពេលឃើញ Gatick ស្លៀកឈុតដូច Tangmo ថ្ងៃចូលប៉ុស្តិ៍ប៉ូលិស
ករណីស្លាប់របស់តារាស្រី Tangmo នៅតែពោរពេញដោយភាពអាថ៌កំបាំងនៅឡើយ ដោយពេលនេះសមត្ថកិច្ចក៏កំពុងតែដុតដៃដុតជើងស៊ើបឱ្យលម្អិតលើកករណីនេះដែរ ជាមួយនឹងដំរួយខ្លះៗដែលទើបទទួលបានថ្មីៗនេះ។
ដោយឡែក ងាកមកបញ្ហាសម្លៀកបំពាក់របស់តារាស្រីល្បីឈ្មោះវ័យ ៣៧ ឆ្នាំ Tangmo វិញ មួយរយៈចុងក្រោយនេះហាក់ត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម ព្រោះមានមនុស្សជាច្រើនបានកត់សម្គាល់ឃើញថាសម្លៀកបំពាក់ជាច្រើនដែលតារាស្រីរូបនេះបានស្លៀក ស្រដៀងនឹងសម្លៀកបំពាក់ដែលអ្នកគ្រប់គ្រងផ្ទាល់ខ្លួន គឺនាង Gatick ធ្លាប់ស្លៀកដែរ។
យ៉ាងណាមិញ មួយក្នុងចំណោមនោះ រួមមានរ៉ូបផ្កាស្លឹកឈើពណ៌ផ្កាឈូកមួយដែរ ដែលនាង Gatick ជាអ្នកចាត់ការផ្ទាល់ បានពាក់នៅថ្ងៃផ្តល់សក្ខីកម្មដល់ប៉ូលិស កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយឈុតនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការវែកញែក និង លើកឡើងព្រោងព្រាតពីសំណួរថា ដូចរបស់ Tangmo?
ស្របគ្នានឹងផ្ទុះការវែកញែកកើតឡើង ក៏បានធ្វើឱ្យម្ចាស់ម៉ាកនៃឈុតនោះ គឺនាង Nui Chollana បង្ហាញក្តីស្រឡាំងកាំងយ៉ាងខ្លាំងផងដែរ ដោយនាងបានបង្ហាញថាឈុតម៉ូដនេះគឺខ្លួនធ្លាប់ផ្ញើទៅតារាស្រី Tangmo។ នាងបានបន្តទៀតថា ជាធម្មតានៅពេលដែលមានការប្រម៉ូតសម្លៀកបំពាក់ថ្មីម្តងៗ គឺតែងតែផ្តល់ឱ្យតារាល្បីៗជាច្រើនជាកាដូ ដោយរាប់បញ្ចូលទាំងម៉ូដដែលកំពុងផ្ទុះសំណួរនេះដែរ។
លើសពីនេះ Nui Chollana ក៏បានបង្ហោះរូបភាព និង សារនៅលើ Instagram ផងដែរថា ៖ «មានអ្នកសារព័ត៌មានសួរច្រើនពីរឿងនេះ។ ខ្ញុំសុំឆ្លើយនៅទីនេះថា ខ្ញុំបានជូនមួយឈុត @royalsilk.luxury នេះ គឺសម្រាប់ Tangmo តែខ្ញុំមិនដែលបានឱ្យ Gatick ទេ»។
យ៉ាងណាមិញ ចំពោះការសង្ស័យលើសម្លៀកបំពាក់របស់នាង Gatick ស្លៀកក្នុងថ្ងៃចូលបំភ្លឺនៅប៉ុស្តិ៍ប៉ូលិសនោះ គេមិនអាចសន្និដ្ឋានថា ជាឈុតតែមួយរបស់ Tangmo ឬ ផ្សេងគ្នាបានឡើយ មានតែរង់ចាំស្តាប់ការពន្យល់លម្អិតពី Gatick ប៉ុណ្ណោះ៕