ផ្ទុះការសរសើរ! ព្រះនាងតូច ចេនណា ព្រះជន្មនៅក្មេង តែសម្រុកធ្វើការងារសង្គមច្រើនគួរឱ្យគោរព
វ័យទើបតែជិត ១០ ព្រះវស្សា តែព្រះនាងតូច នរោត្តម ចេនណា បានឆក់យកបេះដូងអ្នកគាំទ្រក្មេងចាស់ប្រុសស្រីមិនតិចនោះទេ ក៏ព្រោះតែទេពកោសល្យសមត្ថភាពរបស់ព្រះនាងតូច។ ក្នុងនោះ មិនត្រឹមតែមានជំនាញផ្នែកចម្រៀង តន្ត្រី និង របាំ នោះឡើយ ព្រះនាងតូច នរោមត្តម ចេនណា ក៏មានរាជវត្តមានក្នុងរឿងភាគបុរាណខ្មែរមួយចំនួនផងដែរ ដោយពេលកន្លងមកនេះ ព្រះនាងតូច បានសម្តែងក្នុងរឿង «ទេពធីតាថ្កុលមាស» រឿង «នគរមាស» ខ្សែភាពយន្ត «Red Wall» និង ខ្សែភាពយន្តមួយចំនួនទៀត ជាដើម។
លើសពីនោះ ព្រះនាងក៏ជាតារាចម្រៀងក្មេងវ័យ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និង ថែមទាំងចេះរាំរបាំបុរាណ និង បាឡេយ៉ាងស្ទាត់ជំនាញទៀតផង។
យ៉ាងណាមិញ ក្រឡេកមកមើលការងារសង្គមក៏មិនខុសគ្នាដែរ បើទោះជាវ័យក្មេងមែនពិត តែព្រះនាងតូច នរោត្តម ចេនណា បានបង្ហាញវត្តមានទ្រង់ក្នុងការងារសង្គមជាច្រើន រហូតធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់គ្នាថា ព្រះនាងតូចល្អទាំងរូប មានទាំងចំណេះ ព្រមទាំងមានបេះដូងជ្រះថ្លាក្នុងការជួយដល់ប្រជារាស្ត្រទៀតផង៕