មួយសន្លឹកដ៏ចាក់ដោត! លក់ពោតលីងផង ឆ្លៀតបើកសៀវភៅរៀនផង ក្រោមភ្លើងរាត្រី គួរឱ្យស្ញើចសរសើរ
មនុស្សយើងម្នាក់ៗ កើតមកចាប់កំណើតនៅលើភពផែនដីមួយនេះ សុទ្ធតែមានឧបសគ្គ និង បញ្ហាជីវិតរៀងៗខ្លួនជៀសមិនផុតឡើយ ប៉ុន្តែការចេះរៀនរស់នៅជាមួយបញ្ហា ការចេះសម្រួលបញ្ហា ឱ្យទៅជាស្ថានការណ៍មួយ ដែលអាចគ្រប់គ្រងបាន គឺជាគោលគំនិតដ៏គួរឱ្យស្ញើចសរសើរ ដែលផ្ដល់នូវជីវិតរស់នៅដ៏មានគុណភាព ចាក់ផុតពីសេចក្ដីតូចចិត្តទាំងពួង។
នេះដូចទៅនឹងក្មេងស្រីមួយរូបនៅក្នុងរូបថត ដែលបានផ្ដិតយកដោយអ្នកថតរូបអាជីពឈ្មោះ Bong Vathana អ៊ីចឹង ដែលរូបភាពមួយសន្លឹកនេះ បានបង្ហាញពីសកម្មភាពក្មេងស្រីមួយរូប អង្គុយស្ពាយកាបូបនៅក្រោមពន្លឺភ្លើងរាត្រីផ្លុងៗ ក្នុងតួនាទីជាអ្នកលក់ដូរតាមផ្លូវផង ថែមទាំងឆ្លៀតបើកសៀវភៅរៀនសូត្រផង ដែលបង្ហាញពីការតស៊ូ ក្នុងការក្រេបយកចំណេះវិជ្ជា មិនខ្វល់ពីឧបសគ្គនៃពន្លឺ ឬ ពេលវេលា ទីតាំងឡើយ ដោយបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មិនថានៅកន្លែងណា ឬ ពេលណានោះទេ គឺសុទ្ធតែអាចក្រេបយកចំណេះវិជ្ជាបានទាំងអស់ បើសិនបុគ្គលនោះ ជាអ្នកដែលស្រឡាញ់ការសិក្សាពិតប្រាកដ។
នេះជារឿងដ៏គួរឱ្យស្ញើចសរសើរ ចំពោះក្មេងស្រីខាងលើ ដែលមានអាយុវ័យក្មេងសោះ តែត្រូវមករ៉ាប់រងការលក់ដូរជួសដៃឪពុកម្ដាយនៅតាមចិញ្ចើមផ្លូវ ព្រមទាំងប្រកាន់ខ្ជាប់ នូវការសិក្សាមិនភ្លេចនោះឡើយ ស័ក្តិសមជាគំរូសម្រាប់ក្មេងៗ ឱ្យចេះស្រឡាញ់ការរៀនសូត្រ មិនបោះបង់ បើទោះជាស្ថិតនៅក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ៕