សាវតាចម្លែកបិសាចប្រម៉ាត់តាយ៉ូវ ឬ ខ្មោចកំបុតក្បាល អរូបលេបព្រលឹងមនុស្សដ៏កាចសាហាវ ក្នុងជំនឿខ្មែរបុរាណ
«ប្រម៉ាត់តាយ៉ូវ» ត្រូវបានសម្គាល់ថា ជាអម្បូរអមនុស្សមួយប្រភេទដែលកាចសាហាវ និង គួរឱ្យខ្លាចបំផុតក្នុងជំនឿប្រជាជនខ្មែរនាសម័យបុព្វកាល ហើយមកទល់សព្វថ្ងៃ នៅតែមានចាស់ៗលើកឈ្មោះអមនុស្សនេះជាឧទានស័ព្ទ «អាប្រម៉ាត់តាយ៉ូវយក» ជាការលាន់មាត់ ឬ ប្រដៅព្រមានកូនចៅឱ្យប្រុងប្រយ័ត្ន រាល់ហេតុភេទនាំគ្រោះដែលមិនគួរធ្វេសប្រហែស ព្រោះអមនុស្សប្រភេទប្រម៉ាត់តាយ៉ូវ ជាអរូបកាច់យកជីវិតមនុស្ស។
ថ្ងៃនេះ «ប្រជាប្រិយ» សូមធ្វើការគាស់កកាយឯកសារកម្រមួយ ស្តីពីប្រភេទអមនុស្សមួយប្រភេទរបស់ខ្មែរ ដែលល្បីថាកាចសាហាវក្រៃលែង ក្នុងជំនឿចាស់បុរាណ មកចែកជូនប្រិយមិត្ត រីករាយកម្សាន្តអានទុកគ្រាន់ជាចំណេះដឹង អរូបនោះមានឈ្មោះថា «ប្រម៉ាត់តាយ៉ូវ»។
យោងតាមសំណៅឯកសារស្តីពីប្រពៃណីទំនៀមទម្លាប់ខ្មែរ កម្រងអរូបរបស់ខ្មែរ ដែលមានឈ្មោះ «ប្រម៉ាត់តាយ៉ូវ» ភាសាពាក្យពេញគឺសរសេរ «ម្រឹត្យូវ» ក្រោយសរសេរជាបាលីមច្ចុខ្មែរ «ម្រឹត្យុ» ហៅជាហូរហែជា «ប្រមាត់ត្យូវ» រួចបន្តហៅទៅជា «ប្រម៉ាត់តាយ៉ូវ» មានតំបន់ខ្លះហៅ «ប្រម៉ាត់ត្រយ៉ូវ»។ រាល់ជនដែលស្ថិតក្រោមអានុភាពអមនុស្សនេះចូលផងដែរ ត្រូវគេហៅជននោះថា មនុស្សប្រម៉ាត់តាយ៉ូវយក ឬ មនុស្សកើតជំងឺម្រឹត្យូវ។
-វិធីសម្គាល់មនុស្សត្រូវប្រម៉ាត់តាយ៉ូវចូល
នៅក្នុងសំណៅឯកសារបុរាណសរសេរថា សម្គាល់នរណាម្នាក់កំពុងកើតប្រម៉ាត់ត្រយ៉ូវ គឺមនុស្សនោះប្រាស្រ័យដូចមនុស្សគ្មានវិញ្ញាណក្នុងរាងកាយ។ ចាស់បុរាណជឿថា មនុស្សមានវិញ្ញាណ ១៩ ក្នុងរាងកាយ រាល់វត្តមានហេតុភេទដែលបណ្តាលឱ្យវិញ្ញាណខ្លះរលស់ចេញពីខ្លួន ឬ វិញ្ញាណត្រូវបានប្រម៉ាត់តាយ៉ូវលេបយក ហើយចូលមកសណ្ឋិតអ្នកនោះជំនួស ក្នុងចេតនាអូសទាញឱ្យជនរងគ្រោះបញ្ចប់ជីវិតខ្លួនឯងដោយការចង-ក ឬ លោតទឹកសម្លាប់ខ្លួន ជាដើម។
ពេលខ្លះមនុស្សនោះមួម៉ៅ ឬ តប់ប្រមល់ មិនចង់និយាយរកនរណា ច្រឡោតតោតតូង ចង់ដើរចេញពីផ្ទះ ឬ ដើរចូលព្រៃស្ងាត់តែឯង ឬ គេហៅថា កំរោលចូល។ មនុស្សជាច្រើនជឿថា រាល់ជនដែលត្រូវប្រម៉ាត់តាយ៉ូវចូលគឺងាកឃើញធ្វើដំណើរអត់មានក្បាលឡើយ វាជាហេតុគេតំបន់មួយចំនួនហៅខ្មោចនេះថា ខ្មោចកំបុត-ក។
-វិធីបង្ក្រាបបិសាចប្រម៉ាត់តាយ៉ូវ
ខ្មោចនេះ មិនខ្លាចព្រះ ឬ មន្តគាថាបាលីអ្វីឡើយ វិធីសាស្ត្របង្ក្រាបខ្មោចនេះបាន គេប្រើវិធីបំភ័យខ្មោចចេញពីរាងកាយ ត្រូវបានគេដាក់ឈ្មោះថា ពិធីកាប់ម្រឹត្យូវ។
កលវិធីនេះ ត្រូវការធ្វើជាក្រុម និង កំណត់ថ្ងៃមិនត្រូវឱ្យជនខ្មោចសណ្ឋិតដឹងមុនឡើយ នោះវិធីដេញខ្មោចនេះមិនជោគជ័យឡើយ។ ពេលថ្ងៃកំណត់មកដល់ ត្រូវរកកងប្រដាប់អាវុធបីបួននាក់ មានប្រធានភូមិ និង អ្នកភូមិ ទៅចាប់សែងវាយខ្នោះ លេងឆាកល្ខោន ស្តីបន្ទោសជនរងគ្រោះថា ជននោះបានប្រព្រឹត្តិល្មើសច្បាប់ ត្រូវចាប់ដាក់ទោសប្រហារជីវិត។ ពេលនោះមនុស្សដែលចូលរួមត្រូវចាប់ជនរងគ្រោះឱ្យជាប់ កុំឱ្យរួចរើគេចទៅណាបាន ហើយត្រូវបំភ័យមនុស្សខ្មោចចូលថា ថ្ងៃនេះជាថ្ងៃអវសាន្តនៃជីវិតហើយ។
សម្រែកស្រែកយំនៃជនរងគ្រោះត្រូវគេយកទៅផ្អោបនឹងដើមចេកមួយដើមធំដែលមានកម្ពស់ស្មើនឹងខ្លួន ត្រៀមទទួលទោសប្រហារជីវិត តំបន់ខ្លះគេលេងបាញ់នឹងកាំភ្លើង តំបន់ខ្លះគេលេងដោយកលយកកាំបិតកាត់ក្បាល ហើយគេអាចនិយាយបានតែពាក្យ ១ ម៉ាត់ប៉ុណ្ណោះគឺ ពុទ្ធោៗៗៗៗ! ខ្លះស្រែកភ្លាត់សំឡេងភ័យឡើងលេចនោម ហើយពេជ្ឈឃាតនឹងដកអាវុធមកបាញ់ផាំងៗ ទៅដើមចេកដែលឧបកិច្ចថាជាខ្មោចកំបុតក្បាល ធ្លុះប្រហោងដោយគ្រាប់សំណ ឬ ទាញដាវកាប់ដើមចេកយ៉ាងព្រៃផ្សៃ បណ្តាលឱ្យជនគ្រោះស្រែកទាល់តែលេចអាចម៍ក៏មាន ហើយមានខ្លះភ័យទាល់សន្លប់។
តាមការសាកសួរចាស់ស្រុកនៅតំបន់មួយចំនួននៅខេត្តតាកែវ កំពង់ធំ និង នៅកំពង់ចាម ទំនៀមនេះនៅតែមានគេគោរពប្រណិបត្តិ ហើយអ្នកជំងឺភាគច្រើនណាស់ ដែលបានជាសះស្បើយដាច់ស្រឡះពីជំងឺដ៏គ្រោះថ្នាក់នេះ ក្រោយពីបានធ្វើពិធីកាប់ម្រឹត្យូវនេះរួចមក និង អាចត្រឡប់ទៅផ្ទះខ្លួនវិញបានទាំងញញឹមញញែម៕