ហួសចិត្ត! មកដឹងពីមរណភាពរបស់បុគ្គលល្បីដ៏ចម្លែកបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
គ្មាននរណាអាចគេចផុតពីសេចក្តីស្លាប់បានឡើយ មិនថាមនុស្សនោះឋានៈក្រ ឋានៈអភិជន មនុស្សមានអំណាច ឬ មានឥទ្ធិពលជាស្តេចផែនដីធំកម្រិតណា ដរាបណាអ្នកជាមនុស្ស អ្នកមិនអាចចៀសបានពីវាលវដ្តសង្សារដែលជាសេចក្តីស្លាប់បានឡើយ។ នៅពេលដែលពាក្យថា កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា តែសេចក្តីស្លាប់មួយដែលចម្លែកបំផុតក្នុងប្រវត្តិ និង ត្រូវបានចាត់ទុកថាជារឿងមិនធម្មតា នោះគឺជាការស្លាប់របស់ Aeschylus។
នៅឆ្នាំ ៤៥៥ មុនគ្រឹស្តសករាជ មរណភាពរបស់ Aeschylus បានក្លាយជារឿងសោកនាដកម្មដ៏ធំ និង សែនហួសចិត្តបំផុតប្រចាំរដ្ឋអាតែន។ Aeschylus គឺជាកវីនាដ្យកម្មល្ខោនដ៏ល្បីរបស់ក្រិកបុរាណ ប្រសូតនៅឆ្នាំ ៥២៤ មុនគ្រឹស្តសករាជ ត្រូវបានប្រវត្តិសាស្ត្រហៅលោកថាជាបិតាសោកនាដកម្ម ព្រោះនាដ្យកម្មដែលលោកតាក់តែងរមែងពោរពេញដោយចំណងបញ្ហាជូរចត់ ហើយតួអង្គនីមួយៗរមែងបញ្ចប់ទៅដោយការអស់ជីវិត។ តួយ៉ាងតួអង្គប្រមាណ ៩០ នាក់ នៅរាល់ស្នាដៃដែលលោកតាក់តែងឡើង Aeschylus អនុញ្ញាតអាចឱ្យនៅរស់ត្រឹម ៧ នាក់ប៉ុណ្ណោះ នៅចុងបញ្ចប់នៃស្នាដៃល្ខោនរឿងដែលលោកនិពន្ធ។ ផ្ទុយទៅវិញបិតាសោកនាដកម្មបានបញ្ចប់ជីវិតទៅក្រោមចំណារព្រហ្មលិខិត ពោរពេញដោយសោកនាដកម្មដ៏សែនហួសចិត្តក្រៃលែង។
មរណភាពអេស្កាលឹស Aeschylus
ថ្ងៃដែលលោកស្លាប់ លោកដឹងថាខ្លួនឯងនឹងត្រូវស្លាប់ ដោយព្យាការីជាហោរា បានទស្សន៍ទាយជោគវាសនាលោកថានឹងស្លាប់ថ្ងៃនេះ។ Aeschylus បានរកវិធីរត់គេចពីសេចក្តីស្លាប់នៅទីប្រជុំជនមួយ ដោយរត់ទៅវាលស្មៅមួយនាកណ្តាលព្រៃ ដោយអង្គុយលើទួលថ្មមួយឆ្ងាយពីគេឯង ទោះជាមានអ្នកសួរនាំក៏គាត់មិនតបតដែរ រង់ចាំផុតវេលាថ្ងៃដែលហោរបានទាយកំណត់ទើបដើរទៅផ្ទះវិញ។ គ្រានោះពេលកំពុងអង្គុយបណ្តែតអារម្មណ៍នឹងធម្មជាតិ អកុសលកម្មពៀរអ្វី នរណាទៅនឹកស្មានដល់ថា មានសត្វអណ្តើកដ៏ធំមួយធ្លាក់ស្ទុយពីលើមេឃចំកណ្តាលក្បាលរបស់ Aeschylus បណ្តាលឱ្យបាត់មាត់ឈឹង ក្រោយបែកក្បាល និង ហូរឈាមស្លាប់នៅហ្នឹងកន្លែង។
រឿងដ៏ហួសចិត្តសរសេរដោយប្រវត្តិវិទូបានបន្ថែមទៀតថា សត្វអណ្តើកដែលធ្លាក់លើក្បាល Aeschylus គ្រានោះ គឺជាប្រភេទអណ្តើកសមុទ្រ ហើយត្រូវពាំឡើងទៅលើមេឃដោយសត្វឥន្ទ្រីដ៏ធំមួយ។ ជាធម្មតាសត្វស្លាបរមែងពាំសត្វដែលមានស្នូក មិនថា ខ្យង ឬ អណ្តើក ដោយឆ្ពោះរកថ្មណាមួយដើម្បីទម្លាក់បំបែកស្នូករបស់អណ្តើកនោះ ចៃដន្យអីទួលថ្មដែល Aeschylus អង្គុយ គឺជាទីថ្មដែលសត្វឥន្ទ្រីរមែងហោះទម្លាក់បំបែកស្នូកសត្វជាប្រចាំ ស្របពេលក្បាលតម្ពែករបស់ Aeschylus រលោងៗចែងចាំងបក្សីគិតស្មានថាជាថ្មក៏ទម្លាក់ទៅ មានឯណាទម្លាក់មកមិនបែកស្នូកអណ្តើក បែកក្បាល Aeschylus លាន់ភូសងាប់ស្តូកនៅនឹងកន្លែងតែម្តង។
ផ្អែកតាមឯកសារក្នុង Naturalis Historiæ របស់លោក បន្ថែមថា Aeschylus ថ្ងៃនោះបានស្នាក់នៅខាងក្រៅ ដើម្បីបញ្ចៀសការព្យាករណ៍ថា លោកនឹងត្រូវអស់ជីវិតនៅថ្ងៃនោះដោយសារ «ផ្ទះរលំលើ» តែដូចពាក្យលោកថា ព្រហ្មលិខិតចារហើយ ចង់គេច គេចយ៉ាងណាក៏នៅតែមិនអាចផុតពីសេចក្តីស្លាប់ដដែល។ បិតានាដ្យកម្មល្ខោនដ៏សោកនាដកម្មតួអង្គដែលមហាជនរមែងហួសចិត្ត ត្រូវមរណាក្រោមរូបភាពដ៏សែនហួសចិត្តពីមហាជន និង ត្រូវបានចារថាជាមរណភាពដែលចម្លែកបំផុតក្នុងប្រវត្តិសាស្ត្រ៕