ព្រឺសម្បុរខ្ញាកៗ! ប្រផ្នូលជំនឿពាក់ព័ន្ធនឹងសត្វឆ្មាខ្មៅ ដែលអ្នកមិនធ្លាប់បានដឹងពីមុន
មានរឿងអាថ៌កំបាំងជាច្រើនដែលអ្នកមិនទាន់បានដឹងពីសត្វឆ្មាខ្មៅ។ នៅយុគសម័យលោកកណ្តាល គ្រប់គ្នាជឿថា ឆ្មាខ្មៅគឺមានជីវិត ៩ និង ជាអ្នកនាំសារនៃភពងងឹត អស់អ្នករៀនចេះមន្តអាគមអូមអាម រួមមានគ្រូធ្មប់ រមែងប្រែក្រឡាជាសត្វឆ្មាខ្មៅ។ ចង់សម្លាប់គ្រូអាគម ឬ បណ្តាធ្មប់ទាំងនោះ មនុស្សសម័យបុរាណ លោកឱ្យដុតទាំងមនុស្ស និង សត្វឆ្មា ព្រមទៅជាមួយគ្នា ទើបវិញ្ញាណនោះគ្មានថ្ងៃត្រឡប់មកវិញ។
ងាកមកកាន់កម្រងពង្សាវតាអមនុស្ស នៃឯកសារស្តីពីទំនៀមទម្លាប់ខ្មែរ ចាស់បុរាណលោកទូន្មានថា សត្វឆ្កែ និង សត្វឆ្មា សុទ្ធសឹងជាប្រភេទសត្វស្រុក ជួនកាលវាត្រាច់ចរទៅនេះផង ទៅនោះផង ឥតទិសដៅច្បាស់លាស់ឡើយ។ ពេលខ្លះវារស់នៅប្រាស្រ័យផ្ទះអ្នកស្រុក ត្រូវម្ចាស់វាយធ្វើបាប បង្អត់អាហារ ដោយបច្ច័យផ្សេងៗ វាក៏សម្រេចចិត្តចាកចេញពីផ្ទះនោះ ធ្វើដំណើរផ្សងព្រេងរកទីថ្មីទៀត។
ក្នុងផ្នត់គំនិតដូនតាខ្មែរ លោកឱ្យតម្លៃសត្វឆ្មាជាងសត្វឆ្កែ ហើយកាលបើសត្វនេះចូលផ្ទះយើងគេចាត់ទុកថាជាប្រផ្នូលល្អ ព្រោះជាអានុភាពអាថ៌កំបាំង ដែលបង្ហាញពីភាពសុខសាន្ត ត្រជាក់ត្រជុំថ្កុំថ្កើងទើបសត្វវាមកសុំអាស្រ័យនៅ។ ចាស់ៗលោកថាសត្វឆ្មា វាបន់ឱ្យតែម្ចាស់វាមានបានទេ នឹងអាលវាបានដេកពូក ខុសពីសត្វឆ្កែ ដែលចាស់បុរាណលោកថា បន់ឱ្យតែម្ចាស់ស្លាប់នឹងអាលបានស៊ីចំណីពេលគេធ្វើបុណ្យសពម្ចាស់។
ទោះជាសត្វឆ្មាត្រូវបានជំនឿប្រជាជនខ្មែរ ជឿថាជាប្រផ្នូលល្អ ផ្ទុយទៅវិញ សម្រាប់ឆ្មាដែលមានសម្បុរខ្មៅ ត្រូវបានចាស់បុរាណមានការប្រុងប្រយ័ត្នខ្លាំងនៅពេលធ្វើពិធីបុណ្យសព និង ការហែសព មិនត្រូវឱ្យវារត់កាត់មុខ ឬ រំលងសពជាដាច់ខាត ព្រោះវានឹងធ្វើឱ្យវិញ្ញាណអ្នកដែលស្លាប់ប្រែទៅជាកាចសាហាវ និង ក្លាយជាខ្មោចភ្នែកបី។
នៅប៉ែកបស្ចិមលោក គេមានជំនឿខ្លាំងនៃជ្រុងងងឹតរបស់សត្វឆ្មាសម្បុរខ្មៅ ថាជាសាវ័ករបស់សាតាំង និង សាសនាបិសាច ជាពិសេសរាល់មានហេតុភេទ មិនប្រក្រតីក្នុងភូមិស្រុក បង្កជារឿងអកុសល អ្នកដែលគេនឹងសង្ស័យមុនគេគឺ មនុស្សស្រីដែលចិញ្ចឹមសត្វឆ្មាសម្បុរខ្មៅ នឹងត្រូវមនុស្សសម័យបុរាណដាក់ទោសចោទថាជាធ្មប់។ ជំនឿពាក់ព័ន្ធនឹងឆ្មាខ្មៅ នៅតែមានរហូតដល់បច្ចុប្បន្ន ដោយព្រមានកូនចៅរាប់តំណក្លាយជាពាក្យទំនៀមដូចជា ៖
• ការយល់សុបិនឃើញសត្វឆ្មាខ្មៅ គឺមានន័យថា លាភសំណាងធំនឹងកើតមានដល់អ្នក។
• អើតតាមបង្អួច ឬ មានសត្វឆ្មាប្លែកមុខដេកមាត់បង្អួច ឬ របង ក្តីបំណង ឬ ចេតនាដែលអ្នកប៉ងចង់បាននឹងកើតឡើង មិនថារឿងល្អ ឬ អាក្រក់ អ្វីក៏ដោយដែលអ្នកកំពុងគិត ឱ្យតែងាកឃើញវានឹងក្លាយជាការពិត រកអ្នកមែនទែន។
• ឆ្មាសុខៗរត់កាត់ផ្លូវ ឬ រត់កាត់ពីមុខ អ្នកនឹងជួបលាភធំឆាប់ៗខាងមុខ ឬ គ្រោះថ្នាក់ដែលកំពុងនឹងមករកអ្នកនឹងរំលងផុតអ្នកឆាប់ៗនេះ។
• មានឆ្មា (គ្រប់ពណ៌) មកត្រដុសជើងអ្នក ឬ មកទាក់ទងអ្នកយ៉ាងជិតស្និទ្ធសរបង្ហាញថា អ្នកមានបេះដូងដ៏បរិសុទ្ធ ចូរយកដៃអង្អែលវាបីដងគ្រោះចង្រៃមួយដែលតោងអ្នកគ្រានោះនឹងរលត់អស់បាត់តាមសសៃរោមនោះក្រោយអ្នកអង្អែល។ បើអ្នករកឃើញរោមពណ៌ស មួយសសៃលើខ្នងឆ្មាពណ៌ខ្មៅ អ្នកនឹងមានលាភដ៏ធំឆាប់ៗនេះ។
• ឆ្មា ខ្មៅឈរនៅលើផ្លូវសម្លឹងមុខអ្នកដោយសភាពនឹងថ្កល់ដូចឃើញអីម្យ៉ាង ដេញយ៉ាងណាក៏អត់កម្រើក។ចូរប្រយ័ត្នប្រយែង អ្នកអាចត្រូវបណ្តាសារ ត្រូវអំពើ ឬ មានផ្លូវងងឹតនៅក្បែរអ្នកធ្វើឱ្យអ្នករាសីដាក់ ហើយបើវាគ្រហឹមគំរាម ឬ អ្នកងាកឃើញ វាក៏រត់ផ្អើលគេចយ៉ាងតក់ស្លុត វាជាប្រផ្នូលថា មិនយូរឡើយ អ្នកអាចជួបរឿងគ្រោះថ្នាក់ដល់ជីវិត សូមប្រុងប្រយ័ត្នលើការធ្វើដំណើរឱ្យមែនទែន ព្រោះអ្នកនឹងប្រឈមនឹងការបាត់បង់មនុស្សជាទីស្រឡាញ់៕