គួរឱ្យសរសើរ! ព្រោះក្តីស្រឡាញ់សិល្បៈ ទៀង មុំសុធាវី ចាយលុយមិនស្តាយ ធ្វើរឿងនេះឡើង
ធ្មេចបើកៗពេលនេះតារាចម្រៀងនិយមច្រៀងបទពីដើម ទៀង មុំសុធាវី បានសម្រាលកូនប្រមាណជា ១០ ខែមកហើយ ហើយក្នុងនោះតារាចម្រៀងរូបនេះក៏បានវិលចូលមកបង្ហាញមុខនៅក្នុងអាជីពសិល្បៈឡើងវិញផងដែរ។
ថ្មីៗកន្លងទៅ អ្នកនាង ទៀង មុំសុធាវី ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងការប្រគំតន្ត្រី នៃកម្មវិធីខួបលើកទី ១៦ ឆ្នាំ នៃការដាក់ល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ពីការជ្រើសរើសសម្លៀកបំពាក់មកស្លៀកក្នុងការសម្តែងនោះ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រក៏ធ្លាប់បានដឹងមកហើយ មុននឹងបញ្ចប់ភាពនៅលីវចូលរោងការ តារាចម្រៀងដែលមានការបណ្តុះបណ្តាលពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រូបនេះក៏ធ្លាប់បានបង្ហាញវត្តមានក្នុងការច្រៀងចម្រៀងឱ្យផលិតកម្មក្រៅស្រុកជាច្រើនផងដែរ។ ក្រោយពីរៀបការ មានកូន និង វិលត្រឡប់មកកាន់សិល្បៈវិញ អ្នកនាង មុំ សុធាវី ក៏ហាក់មិនវិលចូលទៅជ្រកក្រោមផលិតកម្មណាមួយដែរ ពោលគឺអ្នកនាងបានបង្កើត Channel Youtube ផលិតបទចម្រៀង និង MV ដោយមានការចំណាយប្រាក់ផ្ទាល់ខ្លួនតែម្តង។
អ្វីដែលកាន់តែចាប់អារម្មណ៍បទចម្រៀងជាច្រើន ដែលអ្នកនាង ទៀង មុំសុធាវី បានបកស្រាយនោះ ក៏មានការនិពន្ធទំនុកភ្លេង និង ទំនុកច្រៀងផ្ទាល់ពីអ្នកនាងទៀតផង៕