«នេះកូនក្រមុំលោក សូមលោកកុំវាយដំនាងណា…» សម្ដីឪពុកអង្វរបុរសម្នាក់ ក្រោយបង្ខំចិត្តលក់កូនស្រីវ័យ ៩ ឆ្នាំ ឱ្យធ្វើប្រពន្ធគេ
បុរសជាឪពុកសញ្ជាតិអាហ្វហ្គានីស្ថានម្នាក់ បានបង្ខំចិត្តលក់កូនស្រីវ័យត្រឹម ៩ ឆ្នាំរបស់ខ្លួន ឱ្យទៅបុរសចំណាស់វ័យ ៥៥ ឆ្នាំធ្វើជាប្រពន្ធ ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។
តាមការចេញផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា នៅថ្ងៃដែលបុរសវ័យចំណាស់ដែលជាអ្នកទិញ មកយកក្មេងស្រីដែលឪពុកលក់នោះទៅ បុរសជាឪពុកបានសម្រក់ទឹកភ្នែក រួមទាំងនិយាយអង្វរសុំឱ្យគេកុំវាយធ្វើបាបកូនរបស់លោក។
និយាយទាំងទឹកភ្នែក បុរសដែលស្គាល់ឈ្មោះថា Abdul Malik បានទួញថា ៖ «នេះជាកូនក្រមុំលោកហើយ។ សូមជួយមើលថែនាងផង។ លោកគឺជាអ្នកមើលខុសត្រូវនាងហើយឥលូវនេះ សូមកុំវាយដំនាងណា»។
បើតាមសម្ដីក្រុមគ្រួសាររបស់លោក Abdul បាននិយាយថា ពួកគេគឺគ្មានជម្រើសក្រៅពីនេះនោះឡើយ ដោយសារតែពួកគេគឺស្ថិតក្នុងចំណោមគ្រួសារតែក្រខ្សត់បំផុត ដែលត្រូវបង្ខំចិត្តលក់កូនស្រីក្មេងៗរបស់ខ្លួនឱ្យទៅរៀបការនឹងគេ ដើម្បីអាចជួយបន្តការរស់រានតទៅមុខទៀត ស្របពេលបច្ចុប្បន្ន ប្រទេសអាហ្វហ្គានីស្ថានកំពុងធ្លាក់ផុងក្នុងវិបត្តិមនុស្សធម៌។
ជាក់ស្ដែង មានគ្រួសារមួយផ្សេងទៀត ក្មេងស្រីវ័យត្រឹម ១០ ឆ្នាំ ចាយពេលរាល់ថ្ងៃអង្គុយយំ ខណៈនាងរង់ចាំថ្ងៃដែលខ្លួនត្រូវលក់ឱ្យទៅបុរសវ័យ ៧០ ឆ្នាំធ្វើជាប្រពន្ធ ដើម្បីជួយដោះបំណុលក្រុមគ្រួសារ។ ងាកមកក្រុមគ្រួសារមួយទៀត ក៏កំពុងត្រៀមលក់កូនស្រីវ័យ ៤ ឆ្នាំ និង ៩ ឆ្នាំរបស់ពួកគេ ដើម្បីយកប្រាក់មកទិញអាហារផ្គត់ផ្គង់ក្រុមគ្រួសារដែរ៕