ប្ដីប្រពន្ធ ២ នាក់ អាជីវករនៅផ្សារបន្ទាយស្រីកើតកូវីដ ពេលតេស្តអ្នកពាក់ព័ន្ធ ជាង ២០០ នាក់ ឃើញឆ្លង ២៤ នាក់
តាមរយៈផេកផ្លូវការ អភិបាលខេត្តបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបញ្ជាក់ឱ្យដឹងថា «ផ្សារបន្ទាយស្រី» ត្រូវបានបិទជាបណ្តោះអាសន្ន រយៈពេល ២ សប្តាហ៍ គិតចាប់ពីថ្ងៃនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំ ចូលទៅក្នុងសហគមន៍ និង តំបន់ផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី។
លោកអភិបាលស្រុកបានបញ្ជាក់ផងដែរថា មូលហេតុនៃការបិទនេះ គឺដោយសារតែទទួលបានព័ត៌មានកាលពីម្សិលមិញថា មានអាជីវករនៅក្នុងផ្សារបន្ទាយស្រី ពីរនាក់ប្តីប្រពន្ធ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយទៅពិនិត្យជំងឺនៅក្នុងគ្លីនិកឯកជនមួយ នៅក្នុងក្រុងសៀមរាប។
ក្រោយមក ក្រុមការងារស្រាវជ្រាវបានកំណត់មុខសញ្ញាដែលបានប៉ះពាល់ផ្ទាល់នឹងអ្នកទាំងពីរខាងលើភ្លាមៗ និង បានសម្រេចធ្វើតេស្តយកសំណាក លើអាជីវករទាំងអស់ជាង ២០០ នាក់ នៅក្នុងផ្សារបន្ទាយស្រីទាំងមូល កាលពីព្រឹកមិញនេះ ដែលជាលទ្ធផលត្រូវបានរកឃើញវិជ្ជមានសរុប ២៤ នាក់។
អាស្រ័យហេតុនេះ ដោយបានការឯកភាពអនុញ្ញាត ពីរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំបិទផ្សារបន្ទាយស្រីភ្លាមៗ ព្រមទាំងបន្តយកសំណាក លើអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានទាំង ២៤ នាក់នេះបន្ថែមទៀត ធ្វើយ៉ាងណាហ៊ុមព័ទ្ធការឆ្លងរាលដាល នៅក្នុងសហគមន៍ឱ្យខានតែបាន ទោះបីជាត្រូវចត្តាឡីស័កមនុស្សរាប់រយគ្រួសារក៏ដោយ៕