អ្នកគាំទ្របារម្ភខ្លាំង! សុខៗ អ៊ុន សិទ្ធា ធ្លាក់ខ្លួនឈឺម្ដងជំងឺច្រើនមុខបែបនេះ
មហាជនជ្រាបហើយថា តារាសម្ដែងប្រុសរូបសង្ហា អ៊ុន សិទ្ធា សព្វថ្ងៃកាន់តែក្ដោបបានប្រជាប្រិយភាពខ្លាំងឡើងក្នុងវិស័យសិល្បៈ គេសង្កេតឃើញថា លោកកាន់តែមានភាពមមាញឹកខ្លាំង ទាំងការសម្ដែងខ្សែភាពយន្តខ្មែរជាបន្តបន្ទាប់ និង ថតស្ពតពាណិជ្ជកម្មផ្សេងៗ ដែលតែងបង្ហាញសកម្មភាពការងាររបស់លោក លើបណ្ដាញសង្គមដល់មហាជនបានឃើញ។
ដោយឡែក នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាសម្ដែងប្រុសរូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និង បង្កើតក្ដីបារម្ភយ៉ាងខ្លាំងពីមហាជន បន្ទាប់ពីទទួលដំណឹងថាលោក កំពុងតែធ្លាក់ខ្លួនឈឺខ្លាំង ដោយមានជំងឺច្រើនមុខ និង កំពុងតែសម្រាកនៅមន្ទីរពេទ្យមួយកន្លែង។
ក្នុងនោះ បើតាមការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមរបស់ តារាសម្ដែងប្រុសរូបនេះ ដែលបានធ្វើការអរគុណដល់អ្នកសួរសុខទុក្ខ ព្រមទាំងបានប្រាប់ពីអាការជំងឺរបស់លោកថា៖ «អរគុណពុកម៉ែបងប្អូនដែលបារម្ភ និង ខលសួរសុខទុក្ខដល់ខ្ញុំ ខ្ញុំបានធូរបន្តិចហើយ ជិតបានចេញពីពេទ្យហើយ ឈឺលើកនេះ ច្រើនមុខសរុបហ្មង (រលាកក្រពះ ពោះវៀន គ្រុនឈាម គ្រុនចាញ់) លទ្ធផលដេកស្អាត»។
បន្ទាប់ពីឃើញបែបនេះភ្លាម ធ្វើឱ្យមហាជន ជាពិសេសបណ្ដាអ្នកគាំទ្ររបស់ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ មានការបារម្ភខ្លាំង ដែលបានធ្វើការសួរនាំពីជំងឺលោក និង មានការជូនពរឱ្យលោកឆាប់ជាគ្រប់គ្នាផងដែរ៕