ខួបកំណើតវ័យ ៣៤ ឆ្នាំ ឱក សុគន្ធកញ្ញា ត្រូវមិត្តចាស់រាប់គ្នាជាង ២០ ឆ្នាំ សុគន្ធ និសា ជូនពរបែបនេះ
នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងល្បីអ្នកនាង ឱក សុគន្ធកញ្ញា ដោយគេសង្កេតឃើញមានអ្នកគាំទ្រ មិត្តសិល្បៈ និង បណ្តាក្រុមហ៊ុនសហការការងារជាច្រើនរបស់អ្នកនាង បានចូលរួមអបអរសាទរ និង រៀបចំនំខេកជូនដល់អ្នកនាងផងដែរ។
ដោយឡែក បើក្រឡេកមកមើលមិត្តរួមទ្រនំ និង ច្រើនឆ្នាំរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺអ្នកនាង សុគន្ធ និសា បានបង្ហោះសារមុនគេជូនពរតារាចម្រៀងស្រីរូបនេះនៅលើគណនីហ្វេសប៊ុកផងដែរ។ អ្នកនាង សុគន្ធ និសា បានបង្ហោះសារជូនពរអ្នកនាង ឱក សុគន្ធកញ្ញា ថា៖ «រីករាយថ្ងៃកំណើតណា ម៉ាមីស្អាត សូមជូនពរឱ្យមានសុភមង្គល សំណាងល្អរហូតតទៅ @sokunkanha happy birthday»។
ជាការពិតណាស់ មហាជនអ្នកគាំទ្របានដឹងហើយថា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា មិនត្រឹមតែជាមិត្តរួមអាជីពតែម្យ៉ាងនោះទេ តែតារាចម្រៀងស្រីទាំង ២ រូប បានរាប់អានគ្នាក្នុងនាមជាមិត្តល្អ បងប្អូនល្អតាំងពីបោះជំហានមកកាន់វិថីសិល្បៈមកម្ល៉េះ។ ក្នុងនោះ គេបានដឹងថា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា បានរួមទ្រនំផលិតកម្មរស្មីស្ទឹងសង្កែជាមួយគ្នាតាំងពីអំឡុងឆ្នាំ ២០០០ មកម្ល៉េះ ពោលគឺមកដល់ពេលនេះអ្នកទាំងពីររាប់អានគ្នាមិនក្រោម ២០ ឆ្នាំនោះទេ៕