ណាត់គ្នាដាក់ថ្ងៃទៅ! ហាងកាហ្វេលើភ្នំនៅកម្ពុជា ២ កន្លែង កំពុងតែល្បីល្បាញខ្លាំង
ហាងកាហ្វេ ២ កន្លែង នៅព្រះរាជាណាចក្រកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជននៅលើបណ្ដាញសង្គម ក៏ដូចជាអ្នកនិយមទទួលទានកាហ្វេ ក្នុងការធ្វើដំណើរកម្សាន្ត ខណៈហាងកាហ្វេទាំង ២ កន្លែងនេះ មានលក្ខណៈខុសពីហាងដទៃ ត្រង់ថា មានទីតាំងនៅលើតំបន់ភ្នំ ឆ្ងាយពីទីប្រជុំជន ហើយមានបរិយាកាសស្ងប់ស្ងាត់ ទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចង់ទៅលម្ហែកម្សាន្ត និងទទួលទានកាហ្វេ រំសាយអារម្មណ៍ស្មុគស្មាញ។
ជាក់ស្ដែងហាងកាហ្វេលើភ្នំទាំង ២ ដែលកំពុងល្បីល្បាញខ្លាំងនោះ មានដូចជា ៖
១. កាហ្វេលើភ្នំកែប LED ZEP CAFE
LED ZEP CAFE មានទីតាំងស្ថិតក្នុងឧទ្យានជាតិកែប ដែលមានចម្ងាយប្រហែល ៣០០ ម៉ែត្រ ពីច្រកចូលឧទ្យានជាតិកែប និង មានចម្ងាយប្រមាណ ៧.៦ គីឡូម៉ែត្រ ពីរូបចម្លាក់រង្វង់មូលសេះស។ នៅទីនោះ ប្រិយមិត្តអាចអង្គុយទទួលទានកាហ្វេយ៉ាងត្រជាក់ចិត្ត ជាមួយទេសភាពដ៏ស្រស់ត្រកាល ដែលអាចគយគន់កម្សាន្តពីលើភ្នំ ។ ហាងកាហ្វេមួយនេះ ល្អបំផុតសម្រាប់អ្នកធ្វើចង់លម្ហែអារម្មណ៍ ស្រូបយកខ្យល់បរិសុទ្ធធ ដោយសារតែទីនោះមានបរិយាកាសស្រស់ស្រាយ មានអង្រឹង និង ទោងសម្រាប់ឱ្យភ្ញៀវសម្រាកកាយ និងថតរូបលេងកម្សាន្ត ក្រោយពីការធ្វើដំណើរឡើងភ្នំ។
២. ហាង ភ្នំកាហ្វេ
ភ្នំ កាហ្វេ មានទីតាំងស្ថិតនៅតំបន់ភ្នំ ១៥០០ ក្នុងភូមិសាស្ត្រខេត្ត ពោធិ៍សាត់ ។ នៅទីនោះ មានទេសភាពស្រស់បំព្រង អមទៅដោយធម្មជាតិបៃតងខ្ចី លាយឡំជំនោរជើងភ្នំត្រជាក់ ញ៉ាំងឱ្យអារម្មណ៍ភ្ញៀវទេសចរដែលបានទៅញុំាកាហ្វេនៅទីនោះ មានអារម្មណ៍ស្រស់ស្រាយ រសាយអស់នូវទុក្ខកង្វល់ ។ មិនតែប៉ុណ្ណោះ ហាងកាហ្វេមួយនេះ មានទេសភាពស្រស់ត្រកាល មានប្លង់ដែលអាចថតរូបស្អាតៗ គួរជាទីទាក់ចិត្តក្រៃលែង។ ហាង ភ្នំកាហ្វេ ទើបតែបើកដំណើរការសាកល្បងលក់ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២១ ថ្មីៗនេះប៉ុណ្ណោះ៕