តើមានអ្វីអស្ចារ្យបានជា ឌុច សុភា រំពឹងខ្លាំងម្លេះលើរឿងភាគថ្មីនៅហង្សមាស ? (វីដេអូ)
តារាសម្តែងល្បីឈ្មោះដែលបានផ្អាកពីសិល្បៈជាច្រើនឆ្នាំអ្នកនាង ឌុច សុភា ពេលនេះបានពញ្ញាក់អារម្មណ៍ទស្សនិកជនតាមរយៈការលេចមុខក្នុងរឿងភាគថ្មី «ផ្កាថ្ម» របស់ស្ថានីយទូរទស្សន៍ហង្សមាស ។ កាលពីរាត្រីថ្ងៃទី ២៦ ខែមិថុនាមកនេះផងដែរអ្នកនាង ឌុច សុភា បានចូលរួមក្នុងកម្មវិធី Live Facebook ពិសេសរបស់រឿងភាគខ្មែរហង្សមាសដែលអ្នកនាងបានបញ្ចេញចំណាប់អារម្មណ៍យ៉ាងច្រើនក្នុងការត្រលប់មកក្នុងវិស័យខ្សែភាពយន្តវិញនេះ ។
សាច់រឿងប្រទាក់ក្រឡារបស់រឿង «ផ្កាថ្ម» បានឲ្យអ្នកនាង ឌុច សុភា ដើរតួដល់ទៅពីក្នុងខ្សែភាពយន្តភាគនេះដែរ ជាតួអង្គបងប្អូនស្រីភ្លោះ ។ យ៉ាងណាមិញអ្នកនាងបាននិយាយថាមានការលំបាកដោយសារដើរតួពីរក្នុងពេលតែមួយហើយចរឹតខុសគ្នាស្រឡះ ដែលប្លង់ខ្លះអ្នកនាងត្រូវយំ រួចត្រូវឆ្នាស់ផ្លាស់ប្តូរតាមតួរទាំងពីរក្នុងរឿងនេះ ។
អ្នកនាងបានបញ្ជាក់ទៀតថា នេះគឺជាខ្សែភាពយន្តភាគខ្មែរដ៏ល្អមួយដែលមានសាច់រឿងគួរឲ្យចង់ទស្សនាខ្លាំង ហើយរូបអ្នកនាងផ្ទាល់បានចាយទឹកភ្នែកមិនស្ទើរទេនៅក្នុងរឿងភាគមួយនេះ ដូច្នេះអ្នកនាងសូមឲ្យទស្សនិកជនរង់ចាំទស្សនាអស់គ្នាថា តើរឿងភាគខ្មែរថ្មីមួយនេះមានគុណភាពល្អកម្រឹតណាដែលនឹងមានចាក់បញ្ចាំងជូនទស្សនាក្នុងពេលឆាប់ៗនេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់ ៕
ទស្សនាវីដេអូ Live ខាងក្រោម៖