ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ដៃគូសហការជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា
រាជធានីភ្នំពេញ, ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ ២០២១៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ដៃគូសហការជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីកៀរគរថវិកាសម្រាប់ជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា ។
មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលជំងឺកុមារភាគច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ រាល់ការពិនិត្យ ពិគ្រោះ និងព្យាបាល គឺឥតគិតថ្លៃ ដែលក្នុងរយៈពេលប្រមាណជិត ៣០ ឆ្នាំ កន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និង កុមារ បានយ៉ាងច្រើន និង បានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅកម្ពុជា ។
ចំណាយប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផាកំពុងមានការប្រឈម ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ មានឈ្មោះថា «A Cup of HOPE» ដើម្បីអំពាវនាវដល់សាធារណជន ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ថវិកាបរិច្ចាគតិចក្តី ច្រើនក្តី របស់សប្បុរសជន គឺជាអំណោយដ៏ធំធេងក្នុងការចូលរួមជួយសង្គ្រោះជីវិតកុមារ ជាពិសេសតាមរយៈការទទួលបាននូវសេវាសុខភាពប្រកបដោយគុណភាព ឥតគិតថ្លៃ និង មិនរើសអើង ។
បណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការកោតសរសើរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង អតិថិជនរបស់ធនាគារ ចំពោះកាយវិការសប្បុរស ក្នុងការគាំទ្រដល់និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយបានបញ្ជាក់ថា «មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិផ្លូវការដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីបម្រើគោលដៅតែមួយគត់ គឺធានាថាមន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង នឹងបន្តបេសកកម្មចម្បង ក្នុងការពិនិត្យ ព្យាបាល និង សង្គ្រោះកុមារនៅកម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង» ។
លោក Makoto Kurokawa នាយកប្រតិបត្តិរងនៃធនាគារ ជេ ត្រាស់ រ៉ូយាល់ បានមានប្រសាសន៍ថា «ជំនួសឱ្យចំណាយលើការទិញភេសជ្ជៈមួយកែវ ដោយការបរិច្ចាគថវិកានេះ ជាចេតនាដ៏ល្អ និង មានអត្ថន័យដ៏ធំធេងបំផុត ក្នុងការជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ។ ១ ដុល្លារ គឺមិនច្រើនប៉ុន្មានទេ តែបើយើងរួមគ្នាឱ្យបានច្រើននាក់ យើងពិតជានឹងអាចជួយដល់កុមារជាច្រើន ក្នុងពេលអនាគត ហើយខ្ញុំក៏សូមលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យចូលរួមឱ្យបានញឹកញាប់តាមលទ្ធភាព ដើម្បីជួយជ្រោមជ្រែងដល់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា» ។
អតិថិជនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចចូលរួមយុទ្ធនាការ «A Cup of HOPE» និង ធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ គណនីប្រាក់រៀលលេខ 4582369 ឬ គណនីប្រាក់ដុល្លារលេខ 4582347 តាមជម្រើសណាមួយដូចខាងក្រោម៖
• ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិប្រចាំខែ
• សេវាធនាគារតាមទូរសព្ទដៃ និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
• តាមរយៈសាខាណាមួយរបស់ធនាគារ ជេ ត្រាស់ រ៉ូយាល់
ថ្លៃភេសជ្ជៈមួយកែវដែលអ្នកបរិច្ចាគនៅថ្ងៃនេះ អាចជួយសង្គ្រោះជីវិត និងអនាគតកុមារជាច្រើននាក់នៅកម្ពុជា។