ដឹងទេថា ប្រាសាទ កោះកែរ កសាងនៅក្នុងរជ្ជកាលស្តេចអង្គណា ?(វីដេអូ)
កន្លងទៅ គេតែងតែនិយាយថា មុនស្លាប់ធ្វើយ៉ាងណាឱ្យបានទៅឃើញប្រាសាទអង្គរវត្តបានម្តងដែរ តែពេលនេះសម្រាប់អ្នកដែលបានទៅដល់ និង ឃើញផ្ទាល់ប្រាសាទកោះកែរ បាននាំគ្នានិយាយសរសើរថា ប្រាសាទនោះកាន់តែពិសេសទៅទៀត និង កសាងតាំងពីមុនប្រាសាទអង្គរទៀតផង ដូច្នេះគួរតែបានទៅដល់ និង ឱ្យស្គាល់ប្រាសាទបុរាណ ដែលជាកេរ្តិ៍មរតកបុព្វបុរសខ្មែរនាសម័យដើម ។
រមណីយដ្ឋានប្រាសាទ កោះកែរ ស្ថិតនៅភាគឦសានពីរាជធានីអង្គរ អតីតទីក្រុងកោះកែរ ដែលមានទីតាំងស្ថិតនៅក្នុងឃុំ ស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ទីក្រុងនេះ មានផ្លូវបុរាណ (ហៅព្រះថ្នល់ក្នុងសិលាចារឹក) ភ្ជាប់ពីទីក្រុងអង្គរ កាត់តាមប្រាសាទភ្នំសណ្តក និង ប្រាសាទអ្នកបួសលើភ្នំដងរែកបន្តទៅដល់វត្តភូក្នុងប្រទេសឡាវ ។
ឯកសារប្រវត្តិសាស្ត្រមួយចំនួនបានអះអាងថា ប្រាសាទកោះកែរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី ៤ (៩២៨-៩៤២) ការកសាងប្រាសាទនេះឡើងក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា ។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬ ផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ មានផៃ្ទដីទំហំ ២៥៦ គីឡូម៉ែត្រក្រឡា រួមមាន ៩៨ ប្រាសាទ ។
ប្រាសាទកោះកែរមាន ៧ ជាន់ កម្ពស់ ៣៥ ម៉ែត្រ កសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការ គោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា ។
ក្រុមប្រាសាទ កោះកែរ ដែលបានរកឃើញសព្វថ្ងៃមាន ៩៨ ប្រាសាទដូចជា៖ ប្រាសាទដាវ,រំលំបី, បឹងវែង,ត្រពាំងព្រៃ,ដីឆ្នាំង,ស្រុងស្រឡៅ,លិង្គ,គុកស្រគំ,ត្រពាំងតា,សុភី,ក្រហម,អណ្តូង,អង្គខ្នា,ទឹក ក្រហម,ដំរីស,ក្ររាប់,បន្ទាយពីរជាន់,គុក,ខ្មៅ,ថ្នឹង,ធំបល័ង្គ,រហាល,ចំណេះ,សំពេច,ត្រពាំងស្វាយ, នាងខ្មៅ,ប្រាំ,បាត់,ខ្នារចិន,ឃ្លុំ,ច្រាប,ដងទង់,ប្រាង្គ,កំផែង …។ល។ ដែលប្រាសាទទាំងនោះមិនបានសង់ជាប់ៗគ្នានោះទេ ពោលគឺនៅដាច់ៗពីគ្នាចាប់ពី ១ គីឡូម៉ែត្រទៅ ៣ ឬ ៤ គីឡូម៉ែត្រ ហើយក៏មានប្រាសាទខ្លះត្រូវរងការខូចខាតបាត់បង់កប់ក្នុងដីខ្លះក៏មាន ៕
ដោយ ៖ ដេវីត